អាហារូបករណ៍ ជំនាញបច្ចេកទេស ៦៣០ កន្លែង នឹងត្រូវផ្តល់ជូន សិក្ខាកាម យុវជន និង​យុវនារី ពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី

ខេត្តរតនគិរី ៖ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្ដល់​អាហារូបករណ៍​ ដល់​សិក្ខាកាម យុវជន និង​យុវនារី ឲ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣០ កន្លែង និង​ត្រូវការ​កម្លាំង​ពលកម្ម ៥៧០ នាក់ ដើម្បី​ចូល​រៀន​ជំនាញ​ជាច្រើន​ទៀត។

នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី លោក សែម ប៉ាត បាន​ឲ្យ​ដឹង​ថា ក្រោយពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ (TVET ១.៥ លាន​នាក់) នៅ​ទូទាំង​ប្រទេស​រួចមក មជ្ឈមណ្ឌល បាន​ចាប់ផ្ដើម​ដំណើរការ​ផ្សព្វផ្សាយ និង​ជ្រើសរើស​យុវជន​ឲ្យ​ចូល​រៀន​ជំនាញ ហើយ​ទទួល​បាន​លទ្ធផល​គិត​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ ២០២៥ សិស្ស​ចូលរៀន​សរុប ៥៥៧ នាក់ ស្រី ២១០ នាក់ , ជនជាតិ​ដើម​ភាគតិច​សរុប ៣៣២ នាក់ ស្រី ១២៣ នាក់។ ក្នុង​នោះ សិស្ស​កម្មវិធី​បណ្ដុះបណ្ដាល TVET ១.៥ លាន​នាក់ មាន​ចំនួន ៤០៩ នាក់ ស្រី ១៧៣ នាក់ , ជនជាតិ​ដើម​ភាគតិច​សរុប ២៦១ នាក់ ស្រី ១០៤ នាក់ , មាន​ប័ណ្ណ​សមធម៌​សរុប ២៦២ នាក់។

ចំពោះ បេក្ខជន​ដែល​ទៅ​រៀន​ជំនាញ​ពី​មជ្ឈមណ្ឌល​ចប់ នឹង​ទទួល​សញ្ញាប័ត្រ​ពី​សាលា បន្ទាប់​មក​ទទួល​បទ​ពិសោធ ព្រមទាំង​ជំនាញ​ពី​សាលា ក្រុមហ៊ុន ហើយ​មាន​ឱកាស​ការងារ​ថ្មី​ពី​ក្រុមហ៊ុន ឬ សហគ្រាស កំពុង​ផ្តល់​វិនិយោគទុន​មើល​ខេត្ត​រតនគិរី ដោយ​កំពុង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ពី​សំណាក់​ក្រុមហ៊ុន​ថ្មីៗ ដែល​កំពុង​វិនិយោគទុន​ជំនាញ​ខាង​លើ​នេះ ត្រូវ​នឹង​ទីផ្សារ​ការងារ​នៅ​ក្នុង​ខេត្ត​រតនគិរី។

មជ្ឈមណ្ឌល ផ្តល់​តែ​កន្លែង​ស្នាក់នៅ​ដូចគ្នា។ ចំណែក​បាយទឹក ម្ហូបអាហារ ត្រូវ​ផ្គត់ផ្គង់​ខ្លួនឯង និង​មិន​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ជាប្រចាំ​ខែ​ដូច​អ្នក​មាន​ប័ណ្ណ​ក្រីក្រ និង​ប័ណ្ណ​ហានិភ័យ​ឡើយ។ ពិសេស​នោះ ស្ត្រី​ដែល​មាន​ពិការភាព ជន​ក្រីក្រ ជនជាតិ​ដើម​ភាគតិច ត្រូវ​បាន​ផ្តល់​អាទិភាព​ក្នុង​ការ​ចុះ​ឈ្មោះ​ចូលរៀន។ នៅ​ពេល​បញ្ចប់​ការ​សិក្សា សិក្ខាកាម នឹង​ទទួល​បាន​លិខិត​បញ្ជាក់​ការ​សិក្សា រួម​ជាមួយ​ឱកាស​ធ្វើ​ការងារ​ជាច្រើន​កន្លែង។

​សិក្ខាកាម​ដែល​មាន​ចំណាប់អារម្មណ៍ អាច​ទៅ​ដាក់ពាក្យ​ចូលរៀន​តាមរយៈ​អាសយដ្ឋាន ភូមិ​អន្លុង​ទេស សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី៕