អាល្លឺម៉ង់សម្រាប់ឆ្នាំ២០២៥-២០២៦ គាំទ្ររាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា

អាល្លឺម៉ង់សម្រាប់ឆ្នាំ២០២៥-២០២៦ គាំទ្ររាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា

ថ្ងៃទី​១៨​-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Christina Laun ប្រធានទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (BMZ)​ បានដឹកនាំកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ ដោយមានការចូលរួមពីឯកឧត្តម Stefan Anton Masserer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា, ​តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់​​ កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ), តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KFW)​​ និងតំណាងជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធ​របស់រាជរដ្ឋាភិបាល​ ។ គោលដៅចម្បងនៃកិច្ចចរចានេះគឺ ១) ពិភាក្សាលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និង ២) ពិនិត្យ និងតម្រង់ទិសវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរនាពេលអនាគត ។
ជាកិច្ចចាប់ផ្តើម​ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអាល្លឺម៉ង់ និងបានកោតសរសើរចំពោះភាពជាដៃគូដ៏រឹងមាំ​ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ។  ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចចរចារឆ្នាំ២០២៥ នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។
លោកជំទាវ Christina Laun ប្រធានទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (BMZ) និងជាប្រធានគណៈប្រតិភូអាល្លឺម៉ង់​ បានកោតសរសើរចំពោះវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តអាទិភាពអភិវឌ្ឍន៍ជាតិប្រកបដោយប្រសិទ្ធភាព ជាពិសេសក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។ ភាគីអាល្លឺម៉ង់បានគូសបញ្ជាក់ពីកិច្ចខិតខំរបស់កម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច, ប្រព័ន្ធគាំពារសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ជាលទ្ធផលនៃកិច្ចចរចានេះ ភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ និងចាត់ទុកកម្ពុជាជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ ។ ភាគីទាំងពីរ បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឈន៍
លើវិស័យអាទិភាព ចំនួន ០៣ រួមមាន ១) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ២) សុខាភិបាល  និងគាំពារសង្គម និង ៣) ថាមពល និងអាកាសធាតុ និងវិស័យផ្សេងៗដូចជា​ វិមជ្ឈការ និងវិសហមជ្ឍការ និងឌីជីថលូបនីយកម្ម។ ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលបានបន្តរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ។