អាជ្ញាធរ រៀបចំក្រុងពាលី មុនពេលវាយ កម្ទេចអគាអតីត «សណ្ឋាគារអង្គរមានជ័យ» ដែលទ្រុឌទ្រោមខ្លាំង

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំពិធីក្រុងពាលី តាមបែបសាសនា មុនពេលវាយកម្ទេច អគាអតីត «សណ្ឋាគារអង្គរមានជ័យ» ដោយមានការចូលរួមពីលោក ឌី រ័ត្នខេមរុណ អភិបាលរងតំណាងអោយលោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌ៧មករាចូលរួមជាមួយក្រសួងរៀបចំដែនដី។
ទីតាំងនេះស្ថិតនៅ កែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
អាជ្ញាធរនឹងចាប់ផ្តើមវាយកម្ទេចអគារ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ហើយវាយកម្ទេចអគារនេះ គឺគេធ្វើទៅតាមជំនាញ ដោយកាត់ច្រឹប ជញ្ជាំង ម្តងបន្តិចៗ និមួយៗ រួចរាល់ហើយ ទើបចាប់ផ្តើម កាត់តាមជាន់នៃអគារ។
សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់ សាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ។
យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដីចេញកាលពីខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា គ្រួសារដែលរស់នៅក្នុងអគារ ឬម្ចាស់បន្ទប់ចំនួន ៦១គ្រួសារ បានស្រុះស្រួលឯកភាពបញ្ឈប់ការរស់នៅក្នុងអគារអង្គរមានជ័យ ដោយឯកភាពទទួលយកសំណងតាមតម្លៃទីផ្សារ ទៅរស់នៅទីកន្លែងផ្សេងដែលមានសុវត្ថិភាព។ អគានេះ មានក្រុមហ៊ុនចំនួន ០៣បានធ្វើការវាយតម្លៃពីឆ្នាំ២០២៣ដល់២០២៥៕