អាជ្ញាធរ និងប្រជាសហគមន៍នេសាទកណ្តែកប្តេជ្ញា ផ្សព្វផ្សាយនិងប្រើប្រាស់ App NoDrug ដើម្បីប្រឆាំងគ្រឿងញៀន

(ខេត្តសៀមរាប)៖ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងស្នងការដ្ឋាននគរបាលខេត្តសៀមរាប អធិការរងស្រុកប្រាសាទបាគង លោកស្រី មេឃុំកណ្តែក បានផ្សព្វផ្សាយបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀននិងជំរុញការប្រើប្រាស់ App NoDrug ដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារ យុវជន និងតំណាងប្រជាសហគមន៍នេសាទកណ្តែក ដើម្បីរួមគ្នាកសាងបាននូវសហគមន៍មួយមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។

លោកស្រី ម៉ិល សុគង្គា មេឃុំបានធ្វើរបាយការណ៍ពីស្ថានភាពអភិវឌ្ឍឃុំ និងការចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងនូវកោតសសើរ និងបានលើកយកបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានសំណូមពរដល់អ្នកចូលរួមជួយផ្សព្វផ្សាយនូវបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug ដល់ប្រជាពលរដ្ឋ និងសមាជិកប្រជាសហគមន៍កណ្តែក ក្រុមគ្រួសារឱ្យបន្តរួមគ្នាកសាងបាននូវសហគមន៍មួយមានសុវត្ថិភាពមានការអភិវឌ្ឍ ចៀសផុតបានពីបញ្ហាផ្សេងៗ មានដូចជាបញ្ហាគ្រឿងញៀនជាដើម។

អ្នកចូលរួមទាំងអស់បានសម្ដែងនូវការសប្បាយរីករាយដោយទទួលបានព័ត៌មាន ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ជាពិសេសអត្ថប្រយោជន៍នៃ App NoDrug ហើយពួកគាត់នឹងផ្សព្វផ្សាយពីការយល់ដឹងនេះបន្តដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនកុំឱ្យរីករាលដាលនៅក្នុងមូលដ្ឋាន សហគមន៍របស់ពួកគាត់។