អាជ្ញាធរឥណ្ឌាចាប់ផ្តើមប្រគល់ធាតុជនរងគ្រោះធ្លាក់យន្តហោះជូនសាច់ញាតិក្រោយចំណាយពេលយូរផ្ទៀងផ្ទាត់តាម DNA ដោយសារសព ទាំងអស់ត្រូវឆេះចូលគ្នានិងពិបាកសំគាល់

អាជ្ញាធរបានចាប់ផ្តើមប្រគល់ធាតុជនរងគ្រោះនៃគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតមួយរបស់ប្រទេសឥណ្ឌា បន្ទាប់ពីប៉ូលីសបានកំណត់អត្តសញ្ញាណបានមួយចំនួនតាមរយៈការធ្វើតេស្ត DNA ប៉ុន្មានថ្ងៃនេះ បន្ទាប់ពីជើងហោះហើរ Air India បានធ្លាក់និង ផ្ទុះ សម្លាប់មនុស្ស២៧០នាក់នៅក្នុងរដ្ឋ Gujarat ។ យន្តហោះ Boeing 787-8 ដែលធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ បានធ្លាក់និងបំបុកអគារអន្តេវាសិកដ្ឋាននៃមហាវិទ្យាល័យវេជ្ជសាស្ត្រ ក្នុងតំបន់លំនៅដ្ឋានមួយ នៃទីក្រុង Ahmedabad ភាគពាយ័ព្យ ត្រឹមតែប៉ុន្មានមួយនាទីបន្ទាប់ពីវាបានហោះឡើងលើអាកាសកាលពីថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្សក្នុងតួរយន្តហោះ២៤១នាក់ រស់អ្នកដំណើរម្នាក់ និងស្លាប់មនុស្សលើដី២៩នាក់។ ។ សាច់ញាតិរាប់រយនាក់នៃជនរងគ្រោះធ្លាក់យន្តហោះនេះបានផ្តល់សំណាក DNA នៅតាមមន្ទីរពេទ្យ។ សពមនុស្សភាគច្រើនត្រូវបានឆាបឆេះ ឬត្រូវបំផ្លាញម៉ត់ខៃដែលជាហេតុធ្វើឱ្យគេពិបាកសំគាល់អត្តសញ្ញាណ។ ក្រុមគ្រួសារជនរងគ្រោះបានរង់ចាំនៅលទ្ធផលតេស្តនៅខាងក្រៅកន្លែងបញ្ចុះសពពីមន្ទីរពេទ្យខណៈអាជ្ញាធរធ្វើការយ៉ាងសកម្មដើម្បីបំពេញសំណុំបែបបទ និងផ្ទេរសពចូលក្នុងមឈូសតាមរថយន្តសង្គ្រោះ។ ពួកគេភាគច្រើនបានបង្ហាញពីការខកចិត្តក្នុងភាពយឺតយ៉ាវនៃដំណើរការកំណត់អត្តសញ្ញាណសពក្រុមគ្រួសាររបស់ពួកគេ។ អាជ្ញាធរបាននិយាយថាជាធម្មតាការងារនេះត្រូវចំណាយពេលរហូតដល់៧២ម៉ោងដើម្បីបញ្ចប់ការផ្គូផ្គង DNA ហើយពួកគេកំពុងពន្លឿនដំណើរការនេះហើយ ប៉ុន្តែវាពិតជាពិបាកដោយសារសពទាំងអស់ត្រូវឆេះរួមចូលគ្នា។ អ្នកស្រី Pipal Patel ដែលជាប្រពន្ធរបសជនរងគ្រោះម្នាក់ក្នុងឧបទ្ទវហេតុធ្លាក់បានឲ្យដឹងថា ប្តីរបស់គាត់ជនជាតិឥណ្ឌាស្លាប់ដោយវេទនា និងបានបន្សល់ទុកកូនបីនាក់អាយុ១២ឆ្នាំម្នាក់ និងក្មេងអាយុ៨ឆ្នាំពីរនាក់ឲ្យគាត់ គាត់ថា៖ នៅពេលនេះ ខ្ញុំត្រូវមើលថែកូនៗរបស់ខ្ញុំជាមុនសិន»។ គាត់បានបន្ថែមថា៖ ខ្ញុំដឹងថានេះជាវាជាពេលវេលាដ៏សែនលំបាកណាស់ ប៉ុន្តែខ្ញុំមិនមានជម្រើសផ្សេងទៀតទេ។ កូនទាំងបីរបស់ពួកគេគឺជាពលរដ្ឋអង់គ្លេសកាត់ឥណ្ឌា។ អ្នកស្រី Patel ដែលធ្វើការនៅចក្រភពអង់គ្លេសកំពុងរង់ចាំនៅខាងក្រៅកន្លែងបញ្ចុះសពជាមួយសាច់ញាតិរបស់គាត់ដែលកំពុងរង់ចាំព័ត៌មានអំពីលទ្ធផល DNA របស់ប្តីគាត់ដែរ។ ស្ថានភាពនៅពេលនេះក៏មានបុគ្គលិកសង្គមកិច្ចបានមកចែកអាហារ និងទឹកដល់ក្រុមប៉ូលិស និងអ្នកសារព័ត៌មានខ្លះៗ ដើម្បីទប់ទល់នឹងនៅកន្លែងធ្លាក់យន្តហោះដោយសារអាកាសធាតុរដូវក្តៅចូលមកដល់ផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ