អាជ្ញាធរអគ្គិសនីកម្ពុជា រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងពិភាក្សាជាមួយភាគីពាក់ព័ន្ធអំពីវឌ្ឍនភាព និងការប្រឈម

អាជ្ញាធរអគ្គិសនីកម្ពុជា រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ។
ឯកឧត្តម កែវ រតនៈ បានកោតសសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានខិតខំប្រឹងប្រែង សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នូវគោលដៅធំៗចំនួន៤ នៃគោលនយោបាយនីតិកាលទី៧ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញឱ្យអនុវត្តនៅឆ្នាំ២០២៣។
វឌ្ឍនភាពធំៗចំនួន៤ ដែលអាជ្ញាធរអគ្គិសនីកម្ពុជាសម្រេចបានក្នុងឆ្នាំ២០២៥ មានដូចជា ការផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជនបានគ្រប់គ្រាន់, បង្កើនវិស័យថាមពលស្អាត ទាក់ទាញអ្នកវិយោគបរទេសមកកាន់កម្ពុជា ជម្រុញឧស្សាហកម្មថាមពលស្អាត បង្កើនឧស្សាហកម្មនាំចេញដែលបង្កើតឱកាសការងាររាប់លានកន្លែងសម្រាប់ប្រជាពលរដ្ឋ និងជម្រុញឧស្សាហកម្មឌីជីថល, កាត់បន្ថយ និងចៀសវាងការដាច់ចរន្តអគ្គិសនីនៅកម្ពុជា, បង្កើនថាមពលអគ្គិសនីដល់តំបន់ទេសចរណ៍ ដើម្បីផ្តល់ភាពស្រួលប្រើប្រាស់តាមតម្រូវការភ្ញៀវទេសចរណ៍ ទាក់ទាញ និងបង្កើនសក្តានុពលតំបន់ទេសចរណ៍។
ឯកឧត្តម កែវ រតនៈ មានប្រសាសន៍បន្តលើកទិសដៅកំណែទម្រង់បន្ត សម្រាប់អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវអនុវត្តក្នុងឆ្នាំ២០២៦ ដើម្បីទទួលបានលទ្ធផលល្អបន្ថែមសម្រាប់កម្ពុជា រួមមាន បង្កើនការពង្រីកនូវប្រភពថាមពលថ្មីៗ ជាពិសេសថាមពលស្អាត និងដាក់ពង្រាយបន្ថែមនូវថាមពលពន្លឺព្រះអាទិត្យ ដើម្បីបន្ថយនូវផលប៉ះពាល់ដល់ផែនដី, អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវទទួលបន្ទុកបន្តការប្រើប្រាស់ចរន្តអគ្គិសនីរបស់ប្រជាពលរដ្ឋភៀសសឹក និងវីរៈកងទ័ពកម្ពុជានៅជួរមុខ នៅតាមកន្លែងប្រមូលម្តុំនានា, វិធានការបន្ថែមថ្មីក្នុងការសម្រួលសេវាកម្ម ផ្តល់សេវាឆាប់រហ័ស និងកាត់បន្ថយសេវាតភ្ជាប់ចរន្តអគ្គិសនីដល់អតិថិជន, ពង្រឹងសេវាបម្រើអតិថិជន កាន់តែទូលំទូលាយ តាមប្រព័ន្ធឌីជីថល។ទិសដៅកំណែទម្រង់ ឆ្នាំ២០២៦នេះ គឺដើម្បីធានាបានដល់អតិថិជននូវសេវាកម្មល្អ ទាំងសេវាប្រើប្រាស់ ទាំងសេវាបម្រើ និងសេវាដោះស្រាយបញ្ហា មានភាពឆាប់រហ័សទាន់ចិត្ត និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា មានប្រសាសន៍ថា ក្នុងអាណត្តិទី៧ វិស័យអគ្គិសនីកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព បង្កើនការផ្គត់ផ្គង់ថាមពល និងគាំទ្រកំណើនសេដ្ឋកិច្ច ដោយផ្អែកលើមូលដ្ឋានគ្រឹះរឹងមាំពីអាណត្តិកន្លងមក។
បច្ចុប្បន្នកម្ពុជា ក៏បានក្លាយជាប្រទេសទី២ដែលមានអាត្រាថាមពលស្អាតខ្ពស់ជាងគេ ដែលនេះជាការបោះជំហានដ៏ប្រសើរក្នុងឆ្ពោះទៅសម្រេចគោលដៅ ថាមពលស្អាតយ៉ាងតិច ៧០% នៅឆ្នាំ ២០៣០។