អាជ្ញាធរស្រុកព្រៃនប់គាំទ្រ និងជំរុញដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មនៅក្នុងមូលដ្ឋានដើម្បីបង្កើនជីវភាពនៅក្នុងគ្រួសារ

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់បានឲ្យដឹងថា ក្នុងស្រុកព្រៃនប់មានចំការជាច្រើនកន្លែងក៏ប៉ុន្តែសម្រាប់ចំការធុរេននិងសាវម៉ាវនៅក្នុង ឃុំសំរ៉ុង ស្រុកព្រៃនប់ គឺមានផ្ទៃដីធំជាងគេរហូតទៅដល់ជាង ២០ ហិចតា ដែលបាននិងកំពុងទទួលផលជាបណ្ដាបណ្ដើរលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។
ក្នុងនាមអាជ្ញាធរស្រុកលោកគាំទ្រយ៉ាងពេញ ទំហឹងចំពោះវិស័យកសិកម្មនៅក្នុងស្រុកព្រៃនប់ និងសូមឲ្យប្រជាពលរដ្ឋដែលមានដីកុំទុកដីចោលទំនេរសូមដាំដំណាំដែលអាចដាំបាន ទាំងធុរេន សាវម៉ាវ ទាំងបន្លែជីគ្រប់ប្រភេទនៅក្នុងដីរបស់ខ្លួន ដើម្បីបង្កើនសេដ្ឋកិច្ចនៅក្នុងគ្រួសារកាន់តែប្រសើរឡើង។
លើសពីនេះទៅទៀតរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើវិស័យសិកម្មដែលបានជ្រើសរើសមន្ត្រីកសិកម្មប្រចាំឃុំ ដើម្បីឲ្យពួកគាត់ជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាក់ស្ដែងតែម្ដង។
ដោយឡែក លោកអ៊ុំ ថុង សេដ្ឋា ដែលជាម្ចាស់ចំការធុរេននិងចំការសាវម៉ាវ ស្ថិតនៅក្នុង ឃុំសំរ៉ុង ស្រុកព្រៃនប់ខេត្តព្រះសីហនុក៏បានលើកឡើងអំពីបច្ចេកទេសការដាំនិងការថែទាំទុរេននិងសៅម៉ាវ ដើម្បីឲ្យមានការលូត លាស់ល្អនិងទទួលបានទិន្នផលខ្ពស់។
លោកអ៊ុំ ម្ចាស់ចំការក៏បានឲ្យដឹងបន្ថែមថា ចំការរបស់គាត់មានផ្ទៃដីជាង ២០ ហិចតា ដែលមានធុរេនចំនួន១ពាន់ដើមនិងសាវម៉ាវ ៦រយដើម ដែលបច្ចុប្បន្នធុរេនទទួលបានទិន្នផលជាង ២០ តោនក្នុងឆ្នាំនេះមានការថយជាងឆ្នាំមុនបន្តិចដោយសារអាកាសធាតុ សម្រាប់ធុរេនដែលទទួលបានផលមានប្រមាណជា ៤រយដើម ក្នុងឆ្នាំនេះដោយឡែកសម្រាប់ទីផ្សារគឺមានភាពងាយស្រួលដោយមានអតិថិជនមកចាំទិញដល់ចំការតែម្ដង។ដូចនេះដើម្បីបង្កើនជីវភាពក្នុងគ្រួសារដូចលោកអភិបាលស្រុកព្រៃនប់បានលើកឡើងហើយថា សូមឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់ទាំងអស់កុំទុកដីទំនេរចោលត្រូវដាំដំណាំរួមផ្សំ ដើម្បីបង្កើនសេដ្ឋកិច្ចជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើងផងដែរ៕
ដោយ:មន្ទីរព័ត៍មានខេត្តព្រះសីហនុ