អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ពង្រឹង​ការ​កំណត់​បញ្ហា​អាទិភាព ​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​ប្រជាពលរដ្ឋ​ ឱ្យ​មាន​ប្រសិទ្ធភាព​

ភ្នំពេញ ៖ ឯកឧត្តម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បាន​ថ្លែងក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី ​៤ នៅ​ខណ្ឌ​ចំការមន កាលពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​ ២០២៥ ថា ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ពង្រឹង​ការ​កំណត់​បញ្ហា​អាទិភាព និង​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​ប្រជាពលរដ្ឋ​ ឱ្យ​មាន​ប្រសិទ្ធភាព​ ដែល​បម្រើ​ដល់​ផល​ប្រយោជន៍ និង​តម្រូវការ​នានា ជូន​ប្រជាពលរដ្ឋ។ ​ក្នុង​វេទិកា​ផ្សព្វផ្សាយនេះ ក៏មាន​វត្តមាន ឯកឧត្តម​ ឯក ឃុនដឿ​ន អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជា​តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី ភ្នំពេញ។

ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា បាន​បន្ត​ថា ការ​កំណត់​អាទិភាព ​នៃ​បញ្ហា​ប្រឈម និង​សំណូមពរ​នេះ គឺ​បន្ទាប់ពី​ទទួល​បាន​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​តាមរយៈ​ផ្ទាល់មាត់ និង​ជា​លាយ​លក្ខណ៍អក្សរ​នៅក្នុង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ។

ឯកឧត្តម​បញ្ជាក់​ទៀត​ថា រាល់​បញ្ហា​អាទិភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ត្រូវ​បាន​ពិនិត្យ ដោះ​ស្រាយ និង​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​រស់នៅ​របស់​ពួកគាត់ ជាពិសេស​ពលរដ្ឋ​ក្រីក្រ​នៅ​មូលដ្ឋាន សង្កាត់​ ខណ្ឌ​ ឱ្យបាន​ល្អប្រសើរ។

ឯកឧត្តម ឯក ឃុនដឿន មានប្រសាសន៍ថា នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ខណ្ឌចំការមន​ មាន​ប្រជាពលរដ្ឋ​ស្នើឱ្យ​ជួយ​ដោះស្រាយ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ក្នុង​សាលា​ជំនាន់​ថ្មី​បឹងត្របែក ជួយ​ដាក់​មន្ត្រី​នគរបាល​សម្រួល​ចរាចរណ៍​នៅ​កន្លែង​ដែលមាន​ផ្លូវ​ខ្វាត់ខ្វែង​ច្រើន ជួយ​ពន្លឿន​ការផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន និង​ការស្នើសុំ​ដាក់លូ​បន្ថែម​នៅ​កន្លែង​ដែលមាន​ទឹក​លិច​ដោយ​ទឹកភ្លៀង។

ឯកឧត្តម ឯក ឃុន​ដឿន បាន​បញ្ជាក់​ថា ចំពោះ​បញ្ហា​ដាក់​លូ​ថ្មី​បាន​ណែនាំ​ឱ្យ​លោក​ សាំ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បន្ត​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅក្នុង​សាលា​ជំនាន់​ថ្មី​បឹង​ត្រែង​ឱ្យបាន​លឿន ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ការរៀនសូត្រ​របស់​សិស្សានុសិស្ស​។ រីឯ​សំណើសុំ​ដាក់​លូ​ថ្មី នៅ​ភូមិ ១ សង្កាត់​ទន្លេបាសាក់ អាជ្ញាធរ​ខណ្ឌ​ចំការមន ត្រៀម​ចុះ​ស្ថាបនា​នៅ​ឆ្នាំ ២០២៦ ខាងមុខ៕