អាជ្ញាធរមូលដ្ឋានខេត្តព្រះសីហនុ ចូលរួមការសិក្សាបឋមទៅលើផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គមរបស់ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ(SHV-LC)

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំដើម្បីប្រមូលទិន្នន័យបឋម សម្រាប់ការសិក្សាផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គមរបស់ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវ សន សុភាវត្តី អគ្គនាយិកា នៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីធានាថាការអភិវឌ្ឍគម្រោង SHV-LC នឹងត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស និងបទប្បញ្ញត្តិជាតិ ប្រកបដោយចីរភាព និងការទទួលខុសត្រូវខ្ពស់ ដោយគិតគូរយ៉ាងពេញលេញដល់បរិស្ថាន និងសហគមន៍មូលដ្ឋាន។ ការប្រមូលទិន្នន័យបឋមនេះ គឺជាជំហានយុទ្ធសាស្ត្រក្នុងការរៀបចំរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព ដោយ កាត់បន្ថយរាល់ផលប៉ះពាល់ជាអវិជ្ជមាននានា ខណៈដែលគម្រោងនេះកំពុងឈានទៅមុខតាមកាលវិភាគដែលបានកំណត់។
សូមបញ្ជាក់ផងដែរថា គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាគម្រោងអាទិភាពដ៏សំខាន់មួយក្នុងការលើកកម្ពស់ប្រព័ន្ធភស្តុភារកម្មកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធិរវាងស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ SHV-LC នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់របស់កម្ពុជាទៅកាន់ទីផ្សារសកលលោក៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ


