អាជ្ញាធរនិងប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក រីករាយប្រើប្រាស់ App NoDrug ដើម្បីសុវត្ថិភាពសហគមន៍ពីគ្រឿងញៀន

ខេត្តកំពង់ធំ  ៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយឯកឧត្តម ឡោ សុវិជ្ជា បានជួបប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក ដើម្បីបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀននិងជំរុញការប្រើប្រាស់ App NoDrug ដើម្បីទទួលចំណេះដឹង និងរាយការណ៍យកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ក៏ដូចជាមូលដ្ឋាន។ 

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់សហគមន៍និងបានលើកយកបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ក៏ដូចជាមុខងារនានាដែលមានបំពាក់ក្នុង App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មាន៖ កំសាន្តអប់រំ ព័ត៌មាន មេរៀន ការស្វែងរកការព្យាបាលហើយនិងមុខងាររាយការណ៍សម្រាប់ស្វែងរកអន្តរាគមន៍ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងសហគមន៍។ 

ថ្លែងក្នុងនាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសនោះដែរ  ឯកឧត្តម ឡោ សុវិជ្ជា បានថ្លែងថា ប្រជាសហគមន៍នានាដើរតួយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយនូវបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug ដល់សមាជិកប្រជាសហគមន៍ ក្រុមគ្រួសារ ក្នុងគោលបំណងរួមគ្នាគឺសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗក្នុងនោះមានបញ្ហាគ្រឿងញៀនជាចម្បង។ 

ជាមួយនឹងភាពភ្ញាក់ផ្អើលលើកម្មវិធី NoDrug លោកស្រី ឃី ភារម្យ  ប្រធានភូមិអូរគ្រូកែ និងលោកស្រី គ្រួច សុដានី  អនុប្រធានសហគមន៍ទេសចរណ៍សំបូរព្រៃគុកពួកគាត់សម្ដែងនូវការសប្បាយរីករាយដោយទទួលបានព័ត៌មាន ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនពិសេសអត្ថប្រយោជន៍នៃ App NoDrug ហើយពួកគាត់នឹងផ្សព្វផ្សាយពីការយល់ដឹងនេះបន្តដើម្បីការពារប្រជាពលរដ្ឋ-ប្រជាសហគមន៍និងក្រុមគ្រួសាររបស់ពួកគាត់។

ជាមួយនេះដែរ អនុសេនីយ៍ឯក ម៉េង សេរីរត្ន នគរបាលទេសចរណ៍ បានសម្ដែងនូវការរំភើប សន្យាចូលរួមជួយបង្កើតមាតិកាផ្សព្វផ្សាយApp NoDrug ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការពារអ្នកទេសចរណ៍ និងសំណូមពរឲ្យប្រជាពលរដ្ឋទៅទស្សនារមនីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកដែលគួរជាទីរមនាសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។