អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកវគ្គផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននិងApp NoDrugក្នុងព្រឹត្តិការណ៍ប្រកួតវោហារកោសល។

រាជធានីភ្នំពេញ: ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងApp NoDrugក្នុងវគ្គផ្សព្វផ្សាយបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន និងការប្រកួតវោហាកោសល្យដល់និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រោមអធិបតីភាពឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួង អង្គភាពទាំងពីរ និងនិស្សិតសរុបជាង២០០នាក់ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបានពាំនាំនៅប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់ថ្នាក់ដឹកនាំក្រសួងដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តនូវបទបញ្ជាលេខ ០១ បប  ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាយុទ្ធសាស្ត្រពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយព្រឹត្តិការណ៍ផ្សព្វផ្សាយក៏ដូចជាការប្រកួតនៅវោហាកោសល្យនេះនិស្សិតនិងទទួលចំណេះដឹងពាក់ព័ន្ធបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍ពីការប្រើប្រាស់App NoDrug អ្នករាយការណ៍មានសុវត្ថិភាព 100% គ្មានអត្តសញ្ញាណសម្រាប់ឲ្យគេសង្ស័យឬសងសឹកឡើយ។

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍បានថ្លែងអំណរគុណដល់ក្រសួងដែលបានចូលរួមចំណែកបង្ការទប់ស្កាត់បាននូវការរីករាលដាលនៃមេរោគអេដស៍ជំងឺអេដស៍ក្នុងក្របខណ្ឌក្រសួង។

ថ្លែងក្នុងនាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អាជ្ញាធរទាំងពីរ ហើយបញ្ហាគ្រឿងញៀន បញ្ហាជំងឺអេដស៍ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហារួមដែលត្រូវតែរួមគ្នាធ្វើការបង្ការទប់ស្កាត់ដើម្បីអនាគតយើង ក្រុមគ្រួសារយើង និងសហគមន៍យើង ។

ជាមួយគ្នានេះ ឯកឧត្តម គង់ ច័ន្ទវាសនា បានបន្តថា ការងារផ្សព្វផ្សាយក៏ដូចជាការប្រកួតវោហាកោសល្យ ពិតជាមានសារសំខាន់និងទាក់ទាញចំណាប់អារម្មណ៍ពីនិស្សិតទាំងអស់សិក្សាស្រាវជ្រាវចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug សម្រាប់ចូលរួមប្រកួតលើកកម្ពស់ការបានការយល់ដឹងកាន់តែទូលំទូលាយពីផលប៉ះពាល់នៃគ្រឿងញៀននឹងធានាបាននូវសុខុមាលភាពមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងនិស្សិតនៅក្រោមការគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាក្រោមឱវាទក្រសួងផងដែរ យើងទាំងអស់គ្នាត្រូវតែរួមសហការគ្នាធ្វើយ៉ាងណាឱ្យជីវិតយើងនិងសហគមន៍យើងគ្មានគ្រឿងញៀនពោលគឺការលុបបំបាត់គ្រឿងញៀន ដោយផ្តើមចេញពីយើងទាំងអស់គ្នា និងលើកទឹកចិត្តបន្ថែមដល់និស្សិតទាំងអស់​ ឱ្យបដិសេធគ្រឿងញៀន​ និងបង្ការខ្លួនពីការឆ្លងមេរោគអេដស៍​ ស្របតាមទិសស្លោក​ “​កូនល្អ​ មិត្តល្អ​ និស្សិតល្អ​ ពលរដ្ឋល្អ​ និងអនាគតទំពាំងស្នងឫស្សីល្អរបស់កម្ពុជា”។