អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងបរិស្ថានរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យបរិស្ថាននិងApp NoDrug

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពី រួមគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងអត្ថប្រយោជន៍នៃកម្មវិធីទូរស័ព្ទដៃ NoDrugនៅសាលប្រជុំរដ្ឋបាលឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ(គីរីរម្យ)
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងបរិស្ថាន និងជាដំណាងឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានដោយមានអ្នកចូលរួមសរុប១០៥នាក់ មកពីមន្ទីរបរិស្ថានទាំង៩រាជធានី/ខេត្ត កងកំលាំងអនុវត្តច្បាប់ជុំវិញខេត្ត ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ(គីរីរម្យ) និងភាគីពាក់ព័ន្ធនានាក្នុងខេត្ត សរុបជាង ១០០ នាក់ ។
ក្នុងនាមឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ
ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរង បានថ្លែងគ្រឿងញៀនគឺជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយសម្រាប់សង្គមមនុស្សជាតិទាំងមូល ហើយរដ្ឋបាលខេត្តបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសមិនឱ្យខេត្តកំពង់ស្ពឺក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀនជះឥទ្ធិពលបំផ្លិចបំផ្លាញដល់សុខុមាលភាពប្រជាពលរដ្ឋ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ:។
ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង បានពាំនាំនូវការកោតសរសើរនិងអរគុណពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះក្រសួងបរិស្ថាន ក៏ដូចជាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលយកចិត្តទុកដាក់ និងម្ចាស់ការចូលរួមយ៉ាងសកម្មតាមតួនាទីនិងភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួននាពេលកន្លងមក ព្រមទាំងសំណូមពរឱ្យបន្តសកម្មភាពជាបន្តទៀត ព្រមទាំងបានលើកឡើងពីយុទ្ធសាស្ត្រនិងវិធានការឆ្លើយតបនានាលើការងារផ្សព្វផ្សាយអប់រំជាការងារអាទិភាពផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសសហគមន៍ ដើម្បីពួកគាត់ចៀសឆ្ងាយនិងចូលរួមកាន់តែសកម្មលើកកម្ពស់បាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ថ្លែងក្នុងនាមឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្នុងឱកាសនោះឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណអ្នកពាក់ព័ន្ធ អ្នកចូលរួមដោយបានលើកឡើងពីសារសំខាន់នៃការចូលរួមការពារបរិស្ថាន អនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ពាក់ព័ន្ធការងារបរិស្ថាន និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសន្តិសុខ សុវត្ថិភាព សុខុមារភាពរបស់ប្រជាពលរដ្ឋ។
វាគ្មិន ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានចែករំលែកពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន អត្ថប្រយោជន៍និងការទាញយក ប្រើប្រាស់ App NoDrug និងមាត្រាច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនពាក់ព័ន្ធ ដើម្បីឲ្យអ្នកចូលរួមបានយល់ដឹងនិងការពារខ្លួន គ្រួសារ និងចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់៕