អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ និង App NoDrug 

ខេត្តព្រៃវែង ៖ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តព្រៃវែង រួមគ្នាចុះផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍លើទីតាំងសេវាទេសចរណ៍ចំនួន៣១ ដែលមានបុគ្គលិកសរុប៥០៨នាក់។

ឯកឧត្តម ឡោ សុវិជ្ជា ជាសមាជិកនិងជាប្រធានលេខាធិការដ្ឋានគណ:កម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ប្រាប់ឱ្យដឹងថា ការចុះផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋានទេសចរណ៍គឺដើម្បីពង្រឹងសមត្ថភាពម្ចាស់ទីតាំងសេវាទេសចរណ៍ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែប្រសិទ្ធភាពបន្ថែមទៀត។ 

ឱកាសនោះ លោក នុត សារ៉ន  ប្រធានមន្ទីរទេសចរណ៍ខេត្ត បានថ្លែងបញ្ជាក់ពីការងារលើកកម្ពស់  ទាក់ទាញវិស័យទេសចរណ៍ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីរួមចំណែកការងារសន្តិសុខនិងសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍។ 

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងការអរគុណ និងលើកឡើងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាការងាររួមដែលត្រូវរួមគ្នាដោះស្រាយ ហើយការបន្តរួមគ្នាបង្កើនការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន និងបំផុសការប្រើប្រាស់App NoDrug គឺពិតជាអាចដោះស្រាយបាននូវកង្វល់របស់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។ 

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា ដោយសំណូមពរដល់មន្ទីរទេសចរណ៍ខេត្តព្រៃវែងបន្តសហការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តពង្រឹងលើកកម្ពស់ការអនុវត្តវិធានការណ៍រដ្ឋបាលចំពោះគ្រឹះស្ថានឯកជនក្នុងវិស័យទេសចរណ៍ បង្កើនសកម្មភាពជំរុញនិងប្រើប្រាស់App NoDrug (ទាញយក https://nodrugsnacd.com/download_kh) ដើម្បីបន្តរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវ ទេសចរណ៍។