អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងទេសចរណ៍សំណូមពរឲ្យសហគមន៍តំបន់ការពារធម្មជាតិបឹងយក្សឡោម ប្រើប្រាស់ App NoDrug។

ខេត្តរតនគិរី ៖ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយឯកឧត្តមឡោ សុវិជ្ជា បានជួបប្រជាសហគមន៍តំបន់ការពារធម្មជាតិបឹងយក្សឡោម ខេត្តរតនគិរី ដើម្បីបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀននិងជំរុញការប្រើប្រាស់ App NoDrug ដើម្បីទទួលចំណេះដឹង និងរាយការណ៍ក្នុងករណីមានបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍ក៏ដូចជាមូលដ្ឋានរបស់ពួកគាត់។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់សហគមន៍និងបានលើកយកបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ក៏ដូចជាមុខងារនានាដែលមានបំពាក់ក្នុង App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មាន៖ កំសាន្តអប់រំ ព័ត៌មាន មេរៀន ការស្វែងរកការព្យាបាលហើយនិងមុខងាររាយការណ៍សម្រាប់ស្វែងរកអន្តរាគមន៍យកគ្រឿងញៀនចេញពីសហគមន៍។
ថ្លែងក្នុងនាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសនោះដែរ ឯកឧត្តម ឡោ សុវិជ្ជា បានថ្លែងថា ប្រជាសហគមន៍នានាដើរតួយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយនូវបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug ដល់សមាជិកប្រជាសហគមន៍ ក្រុមគ្រួសារ ក្នុងគោលបំណងរួមគ្នាគឺសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗក្នុងនោះមានបញ្ហាគ្រឿងញៀនជាចម្បង។
ជាមួយនឹងការចាប់អារម្មណ៍ពី App NoDrug លោក ហ៊ាង សុវណ្ណហ៊ាន ប្រធានសហគមន៍ការពារ ធម្មជាតិបឹងយក្សឡោម បានសម្ដែងនូវភាពសប្បាយរីករាយដោយទទួលបានចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍នៃ App NoDrug សម្រាប់ពួកគាត់យកទៅប្រើប្រាស់ការពារប្រជាសហគមន៍និងក្រុមគ្រួសាររបស់ពួកគាត់និងបានសំណូមពរឲ្យប្រជាពលរដ្ឋទៅទស្សនារមនីយដ្ឋានទេសចរណ៍ធម្មជាតិបឹងយក្សឡោមដ៏ស្រស់បំព្រង ដែលគួរជាទីរមនាសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។