អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមសិល្បករខ្មែរ រួមគ្នាពង្រឹង ពង្រីកសកម្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន

រាជធានីភ្នំពេញ៖ បន្ទាប់ពីជំនួបជាបន្តបន្ទាប់ចាប់ពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ តាមការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ក្រុមការងាររស្ថាប័ន និងសមាគមទាំងពីរ បានជួបប្រជុំនិងពិភាក្សាគ្នាជាបន្តបន្ទាប់គ្នាដើម្បីពង្រឹង ពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ ទូទៅ ពិសេសចូលរួមក្នុងព្រឹត្តិការណ៍អមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៥ នៅវិមានពហុកីឡាដ្ឋានជាតិអូឡាំពិក។

ក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំការថ្លែងអំណរគុណពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនជូនដល់ថ្នាក់ដឹកនាំ សហការីនៃសមាគមសិល្បករខ្មែរ និងបានលើកឡើងពីបញ្ហាគ្រឿងញៀនដែលបន្តនៅជាបញ្ហាសង្គមបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ជីវភាពនិងសុភមង្គលបុគ្គល គ្រួសារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អំពើហឹង្សា ឧក្រិដ្ឋកម្មភេរវកម្ម និងការអភិវឌ្ឍសង្គម បំផ្លិចបំផ្លាញ ធនធានមនុស្សក្នុងសង្គម ហើយការចូលរួមចំណែកផ្សព្វផ្សាយអប់រំគឺតារាសិល្បៈពិតជាអាចកាត់បន្ថយបាននូវអំពើអសកម្មទាំងនោះ។

ក្នុងនាមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងក្នុងឱកាសនោះ លោកជំទាវ នៅ សូនីតា អនុប្រធានសមាគម បានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលតែងតែធ្វើការសហការជួយដល់សកម្មភាពផលិតក៏ដូចជាខ្លឹមសារដែលអាចឱ្យសិល្បករ សិល្បៈការិនីជាសមាជិករបស់សមាគមយកទៅផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹង ដើម្បីឱ្យប្រជាពលរដ្ឋចេះបដិសេធរាល់ការលួងលោម អូញទាញ ឬបង្ខំឱ្យប្រើគ្រឿងញៀន ចូលរួមតាមដាននិងប្រើApp NoDrug រាយការណ៍ពីគ្រឿងញៀននៅក្នុងសហគមន៍ជូនសមត្ថកិច្ចដើម្បីចាត់វិធានការអនុវត្តច្បាប់ ហើយសកម្មភាពនេះនឹងបន្តពិសេសក្នុងឱកាសទិវាខាងមុខនឹងចេញផ្សាយវីដេអូអប់រំនិងសម្តែងរឿងអប់រំផ្ទាល់អបអរសាទរទិវានេះផងដែរ។

ជាមួយគ្នានេះ លោក សុវណ្ណ មករា ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី យិន យឿត បានលើកយកនូវគម្រោងគោលនៃការគ្រោងសម្តែងរឿងអប់រំខ្លីស្ដីពីបញ្ហាគ្រឿងញៀន សំដៅបង្កើននូវសកម្មភាពផ្សព្វផ្សាយអប់រំផ្ដល់ចំណេះដឹងឲ្យបានកាន់តែទូលំទូលាយផុលផុសឆាប់ជ្រាបចូលដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ហើយទទួលបានការគាំទ្រចូលរួមពីប្រជាពលរដ្ឋបន្ថែមទៀត។