អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំ ក្នុងគោលបំណង ពិនិត្យនូវវឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវធានាចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៣-២០២៩
នៅសាលប្រជុំ “ខ” នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទីមួយ ខែមេសា ឆ្នាំ២០២៦ មានបើលកិច្ចប្រជុំក្រុមការងារធានាចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឹអេដស៍ និងលោកស្រី ប៉ាទ្រីហ្ស៉ា អង់ពីន នាយិកាអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រុមការងារធានាចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ តំណាងស្ថានទូតអាមេរិក ភាគីដៃគូអភិវឌ្ឍ តំណាងសង្គមស៊ីវិល និងបណ្តាញសហគមន៍ចំនួន ៤៥រូប។
បន្ទាប់មកឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឹអេដស៍ បានគូសបញ្ជាក់ថា ចំពោះរបៀបវារៈថ្ងៃនេះ មិនមែនគ្រាន់តែជាការពិនិត្យកំណត់ហេតុ ឬការបំពេញតាមនីតិវិធីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការកំណត់វាសនានៃការឆ្លើយតបដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដឹកនាំលើពិភពលោក ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។
ឯកឧត្តមបន្តថា ក្នុងឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជាមានមោទនភាពដែលសម្រេចបានជិតដល់គោលដៅ ៩៥-៩៥-៩៥ ហើយ។ ទោះជាយ៉ាងណាក៏ដោយ “ដំណាក់កាលចុងក្រោយ” ឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០ គឺជាដំណាក់កាលដែលពិបាកបំផុត និងត្រូវចំណាយខ្ពស់បំផុត។
ទិន្នន័យបច្ចុប្បន្នបានបង្ហាញពីការពិតដែលយើងត្រូវយកចិត្តទុកដាក់៖ ទោះបីជាយើងបានកាត់បន្ថយការឆ្លងថ្មីបានរហូតដល់ ៤៥% ក៏ដោយ ប៉ុន្តែការរីករាលដាលនៅតែមានកម្រិតខ្ពស់ក្នុងចំណោមយុវជន និងក្រុមប្រជាជនគន្លឹះ។ បន្ថែមលើនេះ ស្របពេលដែលកម្ពុជានឹងចាកចេញពីចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ ២០២៩ ពេលវេលានៃការពឹងផ្អែកលើជំនួយក្រៅប្រទេសក៏កាន់តែខ្លីទៅៗដែរ។
មិនត្រូវបណ្តោយឱ្យជោគជ័យក្លាយជាចំណុចខ្សោយនោះទេ ត្រូវតែផ្លាស់ប្តូរពីគំរូដែលពឹងផ្អែកលើម្ចាស់ជំនួយ មកជាប្រព័ន្ធមួយដែលមានភាពធន់ សមាហរណកម្ម និងមានហិរញ្ញប្បទានផ្ទាល់ខ្លួនក្នុងស្រុក។
ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើរបាយការណ៍ ពីការពិនិត្យមើលកំណត់ហេតុ ដោយ ឯកឧត្តមបានបង្ហាញដូចខាងក្រោម៖
ដែគូអភិវឌ្ឍ បានការកាត់បន្ថយថវិកាយ៉ាងគំហុក (GF ថយប្រមាណជា៣៤%)៖ ថវិកាសម្រាប់ HIV នឹងត្រូវកាត់បន្ថយពី ៤១,៥ លានដុល្លារ (ក្នុង GC7) មកនៅត្រឹម ២៧,៤ លានដុល្លារ (ក្នុង GC8)។ នេះមានន័យថា កម្ពុជាត្រូវបាត់បង់ថវិកាប្រហែល ១៤ លានដុល្លារ។ បន្ថែមលើនេះ មានលក្ខខណ្ឌថវិកា ២០%៖ ថវិកាប្រហែល ៥,៤៨ លានដុល្លារ នឹងត្រូវរក្សាទុក (Withheld)។ កម្ពុជាអាចដកយកមកប្រើប្រាស់បាន លុះត្រាតែរាជរដ្ឋាភិបាលបង្ហាញការប្តេជ្ញាចិត្តបង្កើនថវិកាជាតិ ដើម្បីគាំទ្រដល់កម្មវិធីដែលមូលនិធិសកលធ្លាប់ជួយពីមុន។
កម្ពុជា ត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរក “ភាពម្ចាស់ការ” (Sovereign Path) ដោយការបន្តវេនដោយថវិកាជាតិ៖ មូលនិធិសកលតម្រូវឱ្យកម្ពុជាបញ្ចូលការចំណាយលើសេវា HIV សំខាន់ៗ ទៅក្នុងកញ្ចប់ថវិកាជាតិជាបណ្តើរៗ និងការធ្វើសាមញ្ញកម្ម (Radical Simplification)៖ ត្រូវកាត់បន្ថយភាពស្មុគស្មាញក្នុងការអនុវត្តកម្មវិធី ដើម្បីសន្សំសំចៃថវិកា និងបង្កើនប្រសិទ្ធភាពការងារ។
កំណត់ក្រុមគោលដៅថ្មី (Targeting) ជាពិសេសលើក្រុមបុរសស្រឡាញ់បុរស (MSM > ២៤ ឆ្នាំ)៖ លិខិតបានបញ្ជាក់យ៉ាងច្បាស់ឱ្យបង្កើនការយកចិត្តទុកដាក់លើក្រុម MSM ដែលមានអាយុលើស ២៤ឆ្នាំ ដែលជាក្រុមមានហានិភ័យខ្ពស់។ ការពង្រីកសេវាថ្មីៗ៖ ជំរុញការប្រើប្រាស់ថ្នាំបង្ការ PrEP, ការធ្វើតេស្តដោយខ្លួនឯង (Self-testing) និងការចុះអប់រំតាមបែបឌីជីថល (Virtual Outreach) ជាជាងការចុះតាមទីតាំងផ្ទាល់បែបបុរាណ។
ការធ្វើសមាហរណកម្មសេវាសុខាភិបាល ដោយបញ្ចូលសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ទៅក្នុងសេវាថែទាំសុខភាពបឋម (PHC)៖ សេវា HIV មិនត្រូវដាក់ដាច់ដោយឡែកឡើយ ប៉ុន្តែត្រូវបញ្ចូលទៅក្នុងប្រព័ន្ធសុខាភិបាលរួម។ នេះគឺជាចំណុចសំខាន់សម្រាប់ “និរន្តរភាព” ។ ចំណែក ការគាំពារសង្គម ត្រូវបន្តពង្រឹងការបញ្ចូលអ្នករស់នៅជាមួយមេរោគអេដស៍ (PLHIV) ទៅក្នុងប្រព័ន្ធប័ណ្ណក្រីក្រ (ID-Poor) ដើម្បីធានាថាពួកគេទទួលបានសេវាគាំពារពីរដ្ឋ។
ក្នុងកិច្ចប្រជុំនៅដែរ ឯកឧត្តមទេសរដ្ឋមន្ដ្រី
មានជំនឿថា មន្ត្រីជាថ្នាក់ដឹកនាំ សុខាភិបាល និងមន្ត្រីគ្រប់គ្រង ការងារ របេង គ្រប់លំដាប់ថ្នាក់ ពិតជាជ្រាប និងយល់ច្បាស់ពីបញ្ហានេះ។ ដូច្នេះយើង ត្រូវរួមសហការគ្នា ជំនះដោះស្រាយនូវ រាល់ចំណុចខ្វះខាតទាំងនេះ រួចហើយពង្រឹងចំណុចខ្លាំង ឱ្យកាន់តែមានលក្ខណៈប្រសើរឡើង ដើម្បីចូលរួម សម្រេចឱ្យបាននូវ ទិសដៅសម្រាប់ឆ្នាំ២០២៦ និង នៅបណ្តាឆ្នាំបន្ត សំដៅរួមចំណែកសម្រេចបាន គោលដៅអភិវឌ្ឍ ន៍ ប្រកបដោយចិរភាព នាដំណាច់ ឆ្នាំ២០៣០ ក៏ដូចជារួមចំណែក ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសុខមាលភាពសង្គម ។



