អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ខេត្តព្រះសីហនុ: អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ និងបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) នៅព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធាន អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌) និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះធ្វើឡើងដើម្បីលើកកម្ពស់គុណភាព ភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ដោយសំណុំរឿងដែលដោះ ស្រាយរួចអាចផ្ញើជូន អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិនិត្យទទួលស្គាល់ និងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងដែលមានតម្លៃផ្លូវច្បាប់ពេញលេញ។ ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តតែងតែចាត់ទុកការដោះស្រាយសំណើ សំណូមពរ និងបណ្តឹងរបស់ប្រជាពលរដ្ឋជាកិច្ចការអាទិភាពប្រចាំថ្ងៃ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ ខេត្តក៏បាននិងកំពុងបន្តពង្រឹងសមត្ថភាព ការទទួលខុសត្រូវ និងក្រមសីលធម៌ដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋប្រកប ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនមានការរើសអើងឡើយ។ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តទទួលបានបណ្តឹង និងសំណើផ្សេងៗសរុបចំនួន ១៦៩ ករណី ដោយក្នុងនោះបានដោះស្រាយបញ្ចប់ ១៤ ករណី, បញ្ជូនទៅស្ថាប័នជំនាញ ៦៤ ករណី, រាយការណ៍ជូនថ្នាក់លើ ១៩ ករណី, រក្សាទុក ៣០ ករណី និងកំពុងបន្តដំណើរការដោះស្រាយចំនួន ៤២ ករណី។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើក ឡើងថាកាចុះ MoU នេះមានសារៈសំខាន់ក្នុងការបំពេញ បន្ថែមលើចំណុចខ្វះខាតនៃយន្តការដែលមានស្រាប់ ហើយកិច្ចព្រមព្រៀងដែលទទួលស្គាល់ដោយ អាជ្ញាធរជាតិដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានតម្លៃផ្លូវច្បាប់ស្មើនឹងសាលក្រមតុលាការ។ អនុស្សារណៈនេះរួមមានកិច្ចសហការសំខាន់ៗចំនួន ៧ ចំណុច៖
១. ការចេញកំណត់បង្ហាញប្រៀបធៀប និងទទួលស្គាល់សំណុំរឿងដែលបានដោះស្រាយរួច។
២. ការបញ្ជូនសំណុំរឿងពីមូលដ្ឋានទៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពិនិត្យ និងដោះស្រាយ។
៣. ការផ្តល់កិច្ចសហការជូន អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការចុះដោះស្រាយវិវាទផ្ទាល់នៅមូលដ្ឋាន។
៤. ការផ្តល់ទិន្នន័យវិវាទដើម្បីរៀបចំនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ។
៥. ការរួមគ្នាសហការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
៦. ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំពង្រឹងសមត្ថភាពមន្ត្រី។
៧. ការអនុវត្តសកម្មភាពចាំបាច់ផ្សេងៗទៀតតាមការព្រម ព្រៀងគ្នា។
ឯកឧត្តមបណ្ឌិត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈម និងសំណូមពរផ្សេងៗជូនដល់ប្រជាពលរដ្ឋ ប្រកប ដោយស្មារតីទទួលខុស ត្រូវខ្ពស់ គុណភាព តម្លាភាព និងផ្តល់នូវយុត្តិធម៌យ៉ាងពិតប្រាកដ។
អត្ថបទ៖ មន សូត្រ








