អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសមាគមន៍កម្មសិទ្ធិបញ្ញាកម្ពុជា រៀបចំសិក្ខាសាលា ស្តីពី ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា តាមយន្ត ការផ្សះផ្សា

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសមាគមន៍កម្មសិទ្ធិបញ្ញាកម្ពុជា រៀបចំសិក្ខាសាលា ស្តីពី ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា តាមយន្ត ការផ្សះផ្សា

_ _ _ _

 ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ  និងសមាគមន៍កម្មសិទ្ធិបញ្ញាកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី “ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា តាមយន្តការផ្សះផ្សា”។

គោលបំណងក្នុងសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹងអំពីយន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញានៅកម្ពុជា ពិសេស យន្តការដោះស្រាយវិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាស្ថាប័នថ្នាក់ជាតិថ្មីមួយ។

 ឯកឧត្ដម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា កម្មសិទ្ធិបញ្ញា សំដៅទៅលើការបង្កើតដោយគំនិតបញ្ញា ដូចជា តក្កកម្ម ស្នាដៃអក្សរសាស្ត្រនិងសិល្បៈ និមិត្តសញ្ញា រូបភាព និង គំនូរ ដែលត្រូវបានប្រើប្រាស់ នៅក្នុងពាណិជ្ជកម្ម។ 

 កម្មសិទ្ធិបញ្ញា ត្រូវបានបែងចែកជាពីរប្រភេទគឺ កម្មសិទ្ធិ ឧស្សាហកម្ម សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ កម្មសិទ្ធិឧស្សាហកម្ម រួមមាន ប្រកាសនីយបត្រតក្កកម្ម ម៉ាក គំនូរឧស្សាហកម្ម និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ ចំណែកឯសិទ្ធិអ្នកនិពន្ធ រួមមានស្នាដៃ អក្សរសាស្ត្រ និង សិល្បៈទាំងឡាយ ដូចជារឿងប្រលោមលោក កំណាព្យ និង ល្ខោន ភាពយន្ត ស្នាដៃតន្ត្រី គំនូរ រូបថត ចម្លាក់ និងស្ថាបត្យកម្ម ជាដើម។ កំណើនសេដ្ឋកិច្ចដែលរួមចំណែកដោយចំណេះដឹង កម្មសិទ្ធិ បញ្ញា គឺជាការពិចារណាដ៏សំខាន់ក្នុងការសម្រេចចិត្តផ្នែក ពាណិជ្ជកម្ម។ ផលិតផល ម៉ាក និងការច្នៃប្រឌិតថ្មីៗ ជាច្រើន មានវត្តមាននៅលើទីផ្សារជារៀងរាល់ថ្ងៃ ដែលជាលទ្ធផលនៃ ការបន្តការច្នៃប្រឌិតនិងបង្កើតថ្មីរបស់មនុស្សជាតិ។ កិច្ចការពារកម្មសិទ្ធិបញ្ញាសមស្របរបស់ក្រុមហ៊ុន ជាជំហានដ៏ សំខាន់ក្នុងការកំណត់អំពីការរំលោភបំពាន និងការប្រែក្លាយ គំនិតទៅជាទ្រព្យអាជីវកម្ម ដែលមានតម្លៃ។ ការទាញយក ផលប្រយោជន៍ពេញលេញ ពីប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា អាច ធ្វើឱ្យក្រុមហ៊ុន ទទួលបានចំណូលពីការបង្កើតថ្មី និងការ ច្នៃប្រឌិតរបស់ខ្លួន ដែលជាការលើកទឹកចិត្តនិងបង្កើនមូលធន ដល់ការស្រាវជ្រាវនិងការអភិវឌ្ឍន៍៕