អាជ្ញាធរខេត្តសៀមរាប និងតំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មការងារឌូបៃប្រចាំកម្ពុជា ជឿជាក់ថា ខេត្តសៀមរាបនឹងក្លាយជាគោលដៅទេសចរណ៍លំដាប់កំពូល សម្រាប់ពលរដ្ឋក្នុងតំបន់មជ្ឈិមបូព៌ា

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោកស្រី ម៉ាត់ អាមីរ៉ស់ តំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មការងារឌូបៃប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាពីភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ធម្មជាតិនានាទៅកាន់មជ្ឈិមបូព៌ា ជាពិសេសទីក្រុងឌូបៃ។ ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពចាប់ដៃគ្នា ជំរុញការផ្សព្វផ្សាយទេសចរណ៍ និងទាក់ទាញវិនិយោគិនពីមជ្ឈិមបូព៌ា មកកាន់ខេត្តសៀមរាប។ ភាគីទាំងពីរ ក៏មានក្ដីជឿជាក់ថា ខេត្តសៀមរាបនឹងក្លាយជាគោលដៅទេសចរណ៍លំដាប់កំពូល សម្រាប់ពលរដ្ឋក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗ។

ឯកឧត្តម ង៉ូវ សេងកាក់ ថ្លែងថា រដ្ឋបាលខេត្តសៀមរាបបានកំណត់យកការអភិវឌ្ឍទេសចរណ៍ផ្ដោតលើគុណភាព ចីរភាព និងបរិយាបន្នជាធំ។ តាមរយៈគោលការណ៍ទេសចរណ៍ផ្សាភ្ជាប់ទឹកដី និងធម្មជាតិ។ ខេត្តសៀមរាបត្រៀមខ្លួនរួចរាល់ក្នុងការបង្កើតកញ្ចប់ទេសចរណ៍កម្រិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិអារ៉ាប់ និយមសេវាកម្មប្រណីត និងការស្នាក់នៅលំដាប់ផ្កាយប្រាំ។

ចំណែកលោកស្រី ម៉ាត់ អាមីរ៉ស់ មានប្រសាស៍ថា បេសកកម្មរបស់លោកស្រីមិនត្រឹមតែផ្តោតលើការទាក់ទាញទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅនាំយកវិនិយោគិនពីតំបន់មជ្ឈិមបូព៌ា មកស្វែងរកឱកាសវិនិយោគនៅខេត្តសៀមរាបផងដែរ។ ការបង្កើតទំនាក់ទំនងរវាងភ្នាក់ងារទេសចរណ៍កម្ពុជា និងក្រុមហ៊ុនធំៗនៅឌូបៃ នឹងក្លាយជាយន្តការប្តូរវេនភ្ញៀវទៅវិញទៅមក ហើយការតភ្ជាប់នេះ នឹងក្លាយជាច្រកផ្លូវដ៏សំខាន់សម្រាប់ទាក់ទាញវិនិយោគិនកម្រិតមហាសេដ្ឋីមកកាន់កម្ពុជា ដែលវានឹងក្លាយជាចំណែកមួយយ៉ាងធំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕