ខេត្តរតនគីរី ៖ ក្នុងឱកាសប្រារព្ធ «ទិវាមច្ឆជាតិ» ឆ្នាំ២០២៦ ដើម្បីបង្កើនធនធានជលផល អភិរក្សជីវចម្រុះ និងលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ ពូជត្រី និងកូនត្រីចម្រុះប្រមាណ ៤ម៉ឺនក្បាល ត្រូវបានព្រលែងចូលបឹងកន្សែង ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ត្រី និងវារីជាតិផ្សេងៗ នៅតែជាប្រភពប្រូតេអ៊ីនដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីស្រូវអង្ករ។ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង រាជរដ្ឋាភិបាលបានបន្តផ្តល់អាទិភាពលើការអភិវឌ្ឍវិស័យជលផល តាមរយៈការពង្រឹងការអភិរក្សធនធានជលផល ជំរុញការធ្វើវារីវប្បកម្មបែបពាណិជ្ជកម្ម និងលើកទឹកចិត្តការវិនិយោគលើការចិញ្ចឹមត្រី ការផលិតកូនត្រីពូជ និងការកែច្នៃផលិតផលជលផលឱ្យមានគុណភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។
លោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានឱ្យដឹងថា ការរៀបចំទិវាមច្ឆជាតិ (០១ កក្កដា) នេះ មានគោលបំណងបំផុសស្មារតី និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផល ដើម្បីធានានិរន្តរភាពសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
លោកបន្តថា កូនត្រីចម្រុះប្រមាណ ៤ម៉ឺនក្បាល និងត្រីមេពូជសំខាន់ៗមួយចំនួន ដូចជា ត្រីឆ្អិន ត្រីក្រាញ់ ត្រីកន្ធរ និងត្រីអណ្តែង ត្រូវបានព្រលែងចូលបឹងកន្សែង ដើម្បីបង្កើនជីវចម្រុះក្នុងបឹងធម្មជាតិកណ្តាលក្រុងនេះ ឱ្យក្លាយជាប្រភពធនធានជលផលសម្រាប់ទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកផ្គត់ផ្គង់ស្បៀងអាហារធម្មជាតិដល់ប្រជាពលរដ្ឋក្នុងតំបន់។
លោក ញ៉ែម សំអឿន
បើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បច្ចុប្បន្នខេត្តមានសហគមន៍នេសាទចំនួន ១៥ គ្របដណ្តប់លើផ្ទៃដីជិត ៧,០០០ហិកតា មានសមាជិកសរុប ៣,៦៣១នាក់ ក្នុងនោះស្ត្រី ១,៤៨៦នាក់។ ទន្ទឹមនឹងនេះ អន្លង់អភិរក្សត្រីមេពូជចំនួន ៣៤ កន្លែង លើផ្ទៃដីប្រមាណ ៣២៥ហិកតា ក៏ត្រូវបានកំណត់ និងចុះបញ្ជី ស្របពេលការអប់រំផ្សព្វផ្សាយច្បាប់ជលផល និងការបង្ក្រាបបទល្មើសជលផល ត្រូវបានអនុវត្តជាបន្តបន្ទាប់៕







