អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំយុទ្ឋនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ

ខេត្តមណ្ឌលគិរី ៖ ដើម្បីបន្សាបឥទ្ឋិពលអវិជ្ជមានពីក្រុមបង្កើតព័ត៌មានក្លែងក្លាយ និងអ្នកធ្វើមាតិកាក្លែងបន្លំសភាពការនានា ក្នុងមូលដ្ឋាន រដ្ឋបាលខេត្ត សហការជាមួយមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំយុទ្ឋនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ រួមទាំងមានការផ្សព្វផ្សាយពាក្យស្លោក និងដង្ហែក្បួនចាប់ពីសួនច្បារដំរីដែក រហូតដល់រង្វង់មូលគោព្រៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ ស្ថាប័នវិស័យឯកជន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា លោកគ្រូ អ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ២០០នាក់ ដែលប្រព្រឹត្តទៅនៅសួនដំរីដេក ក្រុងសែនមនោរម្យ ។

លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ការទទួលនិងផ្សព្វផ្សាយព័ត៌មានបែបទំនើប ប្រព័ន្ធឌីជីថល បណ្តាញទំនាក់ទំនងសង្គម បានកើនឡើងជាលំដាប់ ការគ្រោះថ្នាក់នៃ ព័ត៌មានក្លែងក្លាយ ទាំងនេះរឹតតែមានលក្ខណៈស្រួចស្រាល់ឡើង។ បរិការណ៍នេះទាមទារ ឱ្យ ពលរដ្ឋដែលជាអ្នកប្រើប្រាស់ ឬអ្នកផលិតព័ត៌មាន ឬចែកចាយព័ត៌មាន ស្វែងយល់ ដឹងឲ្យបានច្បាស់ អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ បណ្តាញសង្គម ប្រកបដោយការទទួលខុសត្រូវ ពិសេសមុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ ព័ត៌មានទាំងនោះជាមុនសិន។ លោក អភិបាលរង បន្តថា ពលរដ្ឋឌីជីថល ត្រូវស្វែងយល់បន្ថែមពីរបៀប ក្នុងការកំណត់អត្តសញ្ញាណ ព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ ការរីកសាយភាយ និងការបន្សាបព័ត៌មានក្លែងក្លាយ។ ត្រូវចូលរួមបំផុស ការបង្កើតទម្លាប់ប្រើប្រាស់បណ្តាញសង្គម ដោយការទទួលខុសត្រូវ ដោយផ្សព្វផ្សាយតគ្នាអំពីវិធា ការសុវត្ថិភាពឌីជីថល ភាពចាំបាច់ និងរបៀបក្នុងការបង្ការហានិភ័យ និងសកម្មភាពនានាចាំបាច់ ក្នុងការធានាសុវត្ថិភាពព័ត៌មានក្នុងសង្គមរស់នៅ។

លោក ហ៊ាញ ប៊ុណ្ណា បានសង្កត់ធ្ងន់ថា ពលរដ្ឋក្នុងសហគមន៍ អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពល និងបង្កើតមាតិកាលើបណ្តាញ សង្គម យុវជន មន្ត្រីរាជការ អាជីវករ និងពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវចូលរួមក្នុង យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដោយប្រកាន់ខ្ជាប់ទម្លាប់ល្អគឺ៖ ការបង្កើត ចែកចាយ និង ផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ និងដោយក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ។

លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដើម្បីអនុវត្តយុទ្ធនាការ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សំដៅធានាសន្តិសុខព័ត៌មាន គឺការទទួលបានព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ លោក បន្ថែមថា ក្រុមការងាររបស់មន្ទីរបានសស្រាក់សស្រាំធ្វើការងារកាន់តែសកម្មទៅលើការគាំទ្រដល់គណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្ត លើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិមហាជន ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេស បានទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ទាន់ពេលវេលាជាច្រើនករណីនាពេលកន្លងមកនេះ ៕ ស៉ីផុន ហ៊ុងគ្រី