អាជ្ញាធរខេត្តមណ្ឌលគិរី ផ្តល់អំណោយដល់ជនចាស់ជរា និងគ្រួសារខ្វះខាតចំនួន ១០០គ្រួសារ នៅក្នុងពិធីខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០២៥
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ « វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ » ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្តេច តែងតែបានផ្តល់នូវក្តីអាណិតស្រឡាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់លោកតា លោកយាយ អ៊ុ មាមីង និងជនរួមជាតិទាំងអស់។ ឯកឧត្តម បញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ជាទិវាមួយសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព របស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់។ ឯកឧត្តម បន្ថែមថា ការប្រារព្ធទិវានេះ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីឱកាស និងបញ្ហាប្រឈមរបស់មនុស្សវ័យចាស់ និងជំរុញឱ្យគ្រួសារ សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ គិតគូរ និងដោះស្រាយការលំបាកនានារបស់មនុស្ស វ័យចាស់ តាមរយៈការរៀបចំគោលនយោបាយ ការផ្តល់សេវានានាឆ្លើយតបនឹងតម្រូវការ និងការលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដោយរៀបចំឱ្យទៅប្រព័ន្ធ គ្រប់គ្រងចាត់ចែង ដោយផ្តោតលើការថែទាំមនុស្សចាស់ ការចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនចាស់ជរា និងជនពិការភាពដែលមានការលំបាកនៅតាមសហគមន៍ ក្នុងការលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង ដើម្បីអាចធានាបានថាមនុស្សចាស់មានភាពកក់ក្តៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់។
នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បានចែកអំណោយ និងថវិកាមួយចំនួន ជូនដល់លោកតា លោកយាយ ជនចាស់ជរា ពិការភាព និងគ្រួសារមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ ដើម្បីជួយដោះស្រាយការលំបាកបានមួយកម្រិត៕



