អាជ្ញាធរខេត្តកំពតប្រារព្ធព្រះរាជពិធីខួបលើកទី២១ នៃពិធីគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ ថ្នាក់ដឹកនាំខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិនេះ ប្រជានុរាស្ត្រខ្មែរគ្រប់រូបបានសម្តែងនូវឆន្ទៈ និងមនោសញ្ចេតនារបស់ខ្លួនសប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិ ដើម្បីបានគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជំរបស់មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ។

ក្រោយពីបានថ្វាយកន្ត្រកផ្កា និងភួងផ្កា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មានវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ប្ញទ្ធិបារំាមីទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ និងប្រទានសព្ទសាធុការពរជ័យ សិរីមង្គលវិបុលសុខ គ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជារបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួចមក ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត ក៏បានអានសារលិខិតថ្វាយព្រះពររបស់រដ្ឋបាលខេត្ត ជូនដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងខ្លឹមសារនៃសារលិខិតជូនពរនេះ មានខ្លឹមសារថា ស្ថិតក្នុងព្រះរាជឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លានៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះ។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត តាំងនាមថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជារាស្ត្រទូទាំងខេត្តកំពត និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ យើងខ្ញុំ ទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ដ ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល្អ វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និងសូមសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជហប្ញទ័យ និង ព្រះរាជសកម្មភាពប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ របស់ព្រះអង្គក្នុងវិស័យសង្គមកិច្ច សុខុមាលភាព អប់រំសិក្សាធិការ ព្រះពុទ្ធសាសនា ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជារាស្ត្រ ដែលជាព្រះរាជ សកម្មភាពយ៉ាងធំធេងក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រ ការកាត់បន្ថយភាពក្រីក្រ និងការស្ដារ អភិវឌ្ឍប្រទេសជាតិឱ្យមានសន្ទុះរីកចម្រើនជឿនលឿន ថ្កុំថ្កើង រុងរឿងយ៉ាងឆាប់រហ័សលើគ្រប់វិស័យ៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត