អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យការស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង

ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពដំណើការសាងសង់ កែលម្អច្រាំងស្ទឹងព្រែកត្នោត ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ ដែលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំ និងផ្តាំផ្ញើដល់ក្រុមការងារសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ច្រាំងស្ទឹង ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព និងមានគុណភាពរឹងមាំល្អ ព្រមទាំងសាងសង់ឲ្យសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។

គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងនោះបានរៀបចំចំនួន ៣ ថ្នាក់ ដោយថ្នាក់ទី១ មានរៀបចំ៖ ផ្លូវថ្មើរជើងដើរកំសាន្តក្នុងសួន, ផ្លូវជិះកង់ និងរត់ហាត់ប្រាណ, សួនបៃតង់, ដាំបន្ថែមដើមឈើថ្មីតាមសួន, សួនកំសាន្តកុមារ ,កន្លែងហាត់ប្រាណសំរាប់មនុស្សចាស់, កន្លែងអង្គុយលំហែតាមសួន, អាហារដ្ឋាន (Food Court) , អំពូលភ្លើងបំភ្លឺផ្លូវ និងបំភ្លឺតាមសួនសាធារណៈ ១០. ចំណតរថយន្តក្រុង ,ចំណត រថយន្ត និង ចំណតម៉ូតូ។

ចំណែកថ្នាក់ទី២ នឹងមានការរៀបចំ ៖ ជម្រាលសម្រាប់ជនពិការ, ផ្លូវដើរកំសាន្តថ្មើរជើង , អគារហាងកាហ្វេ រួមជាមួយបន្ទប់ទឹកសាធារណៈមួយកន្លែង , បន្ទប់ទឹកសាធារណៈ ២កន្លែង ,សួនស្មៅ និងរុក្ខជាតិតូចៗ , ជណ្តើរ រង្គសាលសម្រាប់អង្គុយលេង , ឆ័ត្រដែក ដែលមានទម្រង់ដូចផ្សិត និងមានកន្លែងអង្គុយជ្រកពីក្រោម ,អំពូលភ្លើងបំភ្លឺតាមសួន និង ចំពោះថ្នាក់ទី៣ មានរៀបចំ៖ ជម្រាលសម្រាប់មនុស្សចាស់ និងជនពិការ ,ផ្លូវដើរកំសាន្តថ្មើរជើង ,សួនរុក្ខជាតិតូចៗ រួមជាមួយកន្លែងអង្គុយលំហែមាត់ទឹក, បង្កាន់ដៃបេតុង និងដែក , អំពូលភ្លើងសូឡាបំភ្លឺតាមបង្កាន់ដៃច្រាំងស្ទឹង៕