អាជ្ញាធរខណ្ឌឬស្សីកែវ គ្រោងបំពាក់ភ្លើងបំភ្លឺផ្លូវ ស្របតាមប្រឡាយព្រែកបាក់ទូក ដើម្បីសុវត្ថិភាពរបស់ពលរដ្ឋ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌឬស្សីកែវសម្រេចថានឹងគ្រោងបំពាក់អំពូលភ្លើងបំភ្លឺនៅតាមផ្លូវបេតុងស្របជាមួយប្រឡាយព្រែកបាក់ទូក ដើម្បីសុវត្ថិភាព និងជាកន្លែងហាត់ប្រាណរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការសម្រេចដាក់អំពូលភ្លើងបំភ្លឺផ្លូវនេះ ធ្វើឡើងនៅពេលលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យប្រឡាយព្រែកបាក់ទូក ស្ថិតក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ និងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សី កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។
លោក ជិន ប៊ុនធឿន បានឱ្យដឹងថា ការសម្រេចដាក់អំពូលភ្លើងបំភ្លឺផ្លូវនៅស្របមាត់ប្រឡាយនេះ គឺបន្ទាប់ពីទទួលបានសំណូមពរច្រើនពីប្រជាពលរដ្ឋច្រើន ទើបរដ្ឋបាលខណ្ឌសម្រេចថានឹងបំពាក់អំពូលភ្លើងបំភ្លឺនៅតាមផ្លូវបេតុងស្របជាមួយព្រែកបាក់ទូកនេះ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងទុកជាកន្លែងហាត់ប្រាណផងដែរ។
ក្នុងនាមជាអជ្ញាធរមូលដ្ឋាន លោកក៏សំណូមពរដល់ប្រជាពលរដ្ឋរួមគ្នាចូលរួមថែរក្សាបរិស្ថាន អនាម័យ កុំបោះសំរាម កាកសំណល់គ្រប់ប្រភេទចូលទៅក្នុងប្រឡាយព្រែក ដើម្បីកុំឱ្យកកស្ទះចរន្ដទឹក និងដើម្បីសោភ័ណ្ឌភាព អនាម័យ ក្នុងមូលដ្ឋានរស់នៅប្រចាំថ្ងៃ៕