អាជ្ញាធរខណ្ឌឬស្សីកែវនឹងពុទ្ធបរិស័ទជិតឆ្ងាយផ្តើមធ្វើ បុណ្យកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមា វត្តញាណរង្សី សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
កាលពីថ្ងៃអាទិត្យ ១២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនិងថ្ងៃទី០២ ខែ ឆ្នាំវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌឬស្សីកែវ.ចៅសង្កាត់ .ប្រធានភូមិទាំង៦និងគណៈកម្មការអាចារ្យ រួមជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្តទាំងក្នុង និងក្រៅប្រទេសបានផ្តើមធ្វើ បុណ្យកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមា វត្តញាណរង្សី ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានី។
រំលេចថាពិធីបុណ្យដង្ហែរអង្គកឋិនទាន ប្រទក្សិណជុំវិញព្រះវិហារ ៣ជុំ រួចសូត្រមន្តវេរប្រគេនព្រះសង្ឃក្នុងន័យជាសទ្ធាជ្រាសថ្លារបស់ប្រជាពុទ្ធិបរិស័ទ បាននាំយកនូវបច្ន័យសម្រាប់ក្រាលគ្រងនិងបច្ច័យកសាងសមិទ្ធិផលនានាសរុប៣៧លាន៥៥ម៉ឺន៤ពាន់រៀលនិង១ពាន់៦៨៥ដុល្លារួមទាំងសម្ភារៈគ្រឿងឧបភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
ព្រះគ្រូរតនប្បជ្ជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវជាព្រះចៅអធិការ មានព្រះសង្ឃដិកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អាជ្ញាធរខណ្ឌឬស្សីកែវ.ចៅសង្កាត់ .ប្រធានភូមិទាំង៦និងគណៈកម្មការអាចារ្យ រួមជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្តទាំងក្នុង និងក្រៅប្រទេសបានផ្តើមធ្វើ បុណ្យកឋិនទានសាមគ្គីនេះ។ព្រះគ្រូរតនប្បជ្ជោតិ ខឹម សម្បត្តិ សង្ឃដីកាថា បុណ្យកឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១. ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤. ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ។គូសបញ្ជាក់ថាបុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖
. ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម
. ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង
. ដើម្បីផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ
. ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ
. ដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន។



