អាជ្ញាធរខណ្ឌកំបូល តម្រូវអោយអាជីវករដែលរំលោភផ្លូវសាធារណៈឲ្យរុះរើចេញ រក្សាចំណីផ្លូវដោយដកគម្លាតពីចិញ្ចើមផ្លូវ៨ម៉ែត្រ
ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម ទ្រី ណារ៉េត អភិបាលរង ទទួលបន្ទុកការងារសាធារណការ និងបរិស្ថាន អនាម័យ បានដឹកនាំមន្ត្រីចុះណែនាំដល់អាជីវករដែលយកចំណីផ្លូវសាធារណៈមកដាក់តាំងសម្ភារៈលក់ដូរជាកម្មសិទ្ធិផ្ទាល់ខ្លួន បង្កឲ្យបាត់បង់ចិញ្ចើមផ្លូវសាធារណៈ។
អាជ្ញាធរ បានឲ្យដឹងថា ការចុះណែនាំដល់អាជីវករនេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៣ ដោយមានភូមិចំនួន ៤ ភូមិអង្គត្រគៀត ទួលកី ព្រៃកី គោកខ្សាច់ ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។
អាជ្ញាធរ បានណែនាំដល់អាជីវករដែលបានដាក់តាំងសម្ភារៈរំលោភមកលើផ្លូវសាធារណៈ ត្រូវដកគម្លាតពីចិញ្ចើមផ្លូវប្រវែង ៨ ម៉ែត្រ ចេញពីចំណីផ្លូវ។
អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និង អាជីវករលក់ដូរនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ សូមមេត្តាអនុវត្តចូលរួមសហការជាមួយ រដ្ឋបាលខណ្ឌកំបូល ដើម្បីរក្សាបាននូវផ្លូវធំទូលាយ និង សោភ័ណភាពទីក្រុងស្អាត។ បន្ថែមនេះ អាជ្ញាធរ ក៏អរគុណដល់ប្រជាពលរដ្ឋ និង អាជីវករលក់ដូរ ដែលបានចូលរួមសហការផងដែរ៕



