អាជ្ញាធរកំណត់ពេល១៤ថ្ងៃ អោយកាយដីនិងរុះរើសំណង់ ត្រឹមកម្មសិទ្ធដែលខ្លួនកាន់កាប់ ចេញពីប្រឡាយម័ល

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដង្កោ ទុកពេល១៤ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ អោយម្ចាស់ទីតាំង រុះរោះនិងកាយដីចេញ ពីប្រឡាយម័ល ស្ថិតនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

លោកស្រី គឹម ញឹម អភិបាលខណ្ឌដង្កោ នៅថ្ងៃទី១២ ខែឧសភានេះ បានចេញសេចក្តីជូនដំណឹងដល់ ម្ចាស់ទីតាំងចាក់ដី និងសាងសង់សំណង់ចូលប្រឡាយម័ល កាយដី និងរុះរើសំណង់ ចេញត្រឹមកម្មសិទ្ធដែលខ្លួនកាន់កាប់។

ក្នុងលិខិតនោះបន្ថែមថា ម្ចាស់ដី និងអគារសាងសង់រំលោភចូលប្រឡាយ មិនចូលមកដោះស្រាយ ដើម្បីបើកមុខប្រឡាយ សម្រាប់បញ្ចៀសជន់លិចនៅរាជធានីភ្នំពេញ អោយបានឆាប់រហ័ស មិនអនុវត្តតាមខ្លឹមសារណែនាំខាងលើ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាល តាមផ្លូវច្បាប់ ដែលមានជាធរមាន ព្រោះសំណង់ ទាំងនេះ ធ្វើឲ្យរាំងស្ទះមុខទឹកបង្កឲ្យមានការជន់លិចនៅរាជធានីភ្នំពេញ។ 

សូមបញ្ជាក់ថា ប្រឡាយម័ល ជាប្រឡាយសាធារណៈរបស់រដ្ឋ ដែលបានរក្សាទុកមានទំហំ ៨០ម៉ែត្រ តាមអនុក្រឹត្យលេខ១២ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងប្លង់គោលប្រើប្រាស់ដីធ្លីរបស់សាលារាជធានីភ្នំពេញ ឆ្នាំ២០៣៥៕ ដោយៈ សាវរក្ស