អាងទឹកដងកាំបិត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងកាត់បន្ថយទឹកជំនន់ នឹងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត

ខេត្តកំពង់ធំ ៖ មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០កក្កដា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានរួមមាន៖ សំណង់បង្ហៀរទឹកដំណាក់កាលទី១ បាន១០០ភាគរយ, សំណង់បង្ហៀរទឹកដំណាក់កាលទី២សម្រេចបាន៦០ភាគរយ, សំណង់មិនបង្ហៀរ បាន៥៥ភាគរយ, ទំនប់ដីខាងឆ្វេងបាន៩៥ភាគរយ, ទំនប់ដីខាងស្តាំ បាន៧០ភាគរយ និងទ្វារទឹកដំណាក់កាលទី១ សម្រេចបាន១០០ភាគរយ។
ក្រោយសាងសង់រួច អាងទឹកដងកាំបិត នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាកសិកររស់នៅស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោងនៃខេត្តកំពង់ធំ បានស្រោចស្រពលើផ្ទៃដីស្រែ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់។
មន្រ្តីធនធានទឹក បន្ថែមថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ការអនុវត្តបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅខែតុលា ឆ្នាំ២០២៧។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងមានទំនប់ប្រវែង២៦៨០ម៉ែត្រ។ ក្នុងនោះ ទំនប់ដីខាងឆ្វេងប្រវែង១១៣៦ម៉ែត្រ, ទំនប់បេតុងប្រវែង៥០ម៉ែត្រ, ទំនប់បង្ហៀរទឹកប្រវែង៣០៦ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង១១៨៨ម៉ែត្រ៕