អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៅអន្តរឃុំ ក្នុងស្រុកពេជ្រាដា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យផ្ទាល់ពីវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ រួមមាន៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ផ្លូវបេតុង និងទំនប់បង្ហៀរទឹក ដែលតភ្ជាប់រវាងឃុំស្រែអំពូម ឃុំក្រង់តេះ និងឃុំពូជ្រៃ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង ឱ្យមានវឌ្ឍនភាពលឿន និងសំណង់មានភាពរឹងមាំល្អ។ ឯកឧត្តម សង្កត់ធ្ងន់ថា សមិទ្ធផលផ្លូវក្រាលកៅស៊ូ និងបេតុងប្រវែងជាង ១០គីឡូម៉ែត្រ ឆ្លងកាត់ឃុំទាំងបីនាពេលនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ស្រុកពេជ្រាដា ព្រោះវាបានកាត់ផ្តាច់ភាពលំបាកវេទនានៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកាលពីអតីតកាល។ ឯកឧត្តម បញ្ជាក់ថា ពីមុនមក ឱ្យតែដល់រដូវវស្សា ផ្លូវនេះរអិលខ្លាំងពិបាកធ្វើដំណើរ ជះផលរំខានដល់ការដឹកជញ្ជូនកសិផល ការទៅរកសេវាសុខាភិបាល និងការទៅរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ប៉ុន្តែពេលនេះអ្វីៗ ត្រូវបានប្រែក្លាយជាល្អស្អាតប្រកបទៅដោយក្តីសង្ឃឹម ។ ទន្ទឹមនឹងសមិទ្ធផលកម្រនេះ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរនាពេលយប់ ឯកឧត្តម ថង សាវុន ក៏បានជំរុញ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនសកម្មភាពកៀរគរថវិកា ក៏ដូចជាធនធានសប្បុរសជននានា ដើម្បីរៀបចំបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវថ្មីនេះឱ្យបានគ្រប់គ្រាន់ផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើដល់មន្ត្រីបច្ចេកទេស បន្តពង្រឹងគុណភាពសំណង់ឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសខ្ពស់បំផុត និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមថែរក្សាសម្បត្តិសាធារណៈទាំងនេះទាំងអស់គ្នា ជាពិសេសកុំដឹកទម្ងន់លើសច្បាប់កំណត់ ដើម្បីធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងស្រុកពេជ្រាដាទាំងមូល។

សូមបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះ ស្ថិតក្នុងក្របខណ្ឌនៃ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ខ្សែផ្លូវអន្តរឃុំថ្មីនេះ មានប្រវែងសរុបជាង ១០គីឡូម៉ែត្រ និងមានទទឹង ៦ម៉ែត្រ ត្រូវបានចាប់ផ្ដើមអនុវត្តការសាងសង់តាំងពីខែកញ្ញា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់ការដ្ឋានជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ហើយខ្សែផ្លូវនេះតភ្ជាប់ពីឃុំស្រែអំពូម(ផ្លូវទៅទឹកជ្រោះប៊ូស្រា) ឆ្លងកាត់ឃុំក្រង់តេះ ឆ្ពោះទៅកាន់ឃុំពូជ្រៃ(ផ្លូវជាតិលេខ៧៦) ដែលជាតំបន់ពោរពេញទៅដោយសក្ដានុពលកសិកម្ម និងកសិឧស្សាហកម្មយ៉ាងសម្បូរបែប៕