អភិបាលខេត្តព្រះសីហនុ ទទួលជួបប្រតិភូមន្ត្រីការទូតកម្ពុជា-ចិន ដើម្បីជំរុញយុទ្ធសាស្ត្រផ្សព្វផ្សាយសក្តានុពលខេត្ត
(ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យប្រតិភូមន្ត្រីការទូត និងសិក្ខាកាមនៃវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា-ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីឈ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ច និងយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរណ៍របស់ខេត្ត។
ឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងឱ្យសិក្ខាកាមមន្ត្រីការទូតទាំង ២៧ រូប បានសិក្សាផ្ទាល់ពីការអភិវឌ្ឍរស់រវើករបស់ខេត្តព្រះសីហនុ។ តាមរយៈនេះ មន្ត្រីការទូតនឹងក្លាយជាស្ពានយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ទៅកាន់វិនិយោគិន និងភ្ញៀវទេសចរបរទេស ជាពិសេសជនជាតិចិន។
ជាមួយគ្នានេះ តំណាងសិក្ខាកាមចិន លោក WANG YONGJIN បានសង្កត់ធ្ងន់លើទំនាក់ទំនង «មិត្តភាពដែកថែប» ដែលមានអាយុកាល ៦៨ ឆ្នាំ និងបានលើកឡើងពីចក្ខុវិស័យសន្តិភាពតាមរយៈការចរចាដោយ សន្តិវិធី និងការរស់នៅប្រកបដោយសុខដុមរមនាតាមច្បាប់អន្តរជាតិ។
ក្នុងជំនួបនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានជម្រាបជូនប្រតិភូអំពីភាពសម្បូរបែបនៃធនធានធម្មជាតិ និងទិសដៅអភិវឌ្ឍន៍របស់ខេត្ត រួមមាន៖
• សក្តានុពលធម្មជាតិ៖ មានឆ្នេរសមុទ្រប្រវែង ១៧៥ គីឡូម៉ែត្រ និងកោះចំនួន ៣២ ដែលជាមូលដ្ឋានគ្រឹះនៃវិស័យទេសចរណ៍។
• ផែនការមេអភិវឌ្ឍន៍៖ ការបែងចែកខេត្តជា ៤ តំបន់ធំៗ (ឧស្សាហកម្ម-ភស្តុភារកម្ម, ទីក្រុងសមាហរណកម្ម, ទេសចរណ៍ធម្មជាតិ និងកសិកម្ម)។
• យន្តការជំរុញការវិនិយោគ៖ ការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់ការសម្របសម្រួលផ្នែករដ្ឋបាល និងការលើកទឹកចិត្តផ្នែកពន្ធដារ។
ឯកឧត្តមអភិបាលខេត្តបានបង្ហាញក្តីសង្ឃឹមថា តាមរយៈសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយនេះ វានឹងជួយទាក់ទាញវិនិយោគិនចិនកាន់តែច្រើនមកកាន់កម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ «សហគមន៍រួមវាសនាតែមួយ»និងការកសាង ព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
សម្រួលអត្ថបទ: ម៉ារ៉ាឌី



