អភិបាលខេត្តព្រះសីហនុ ជំរុញការសិក្សាប្រព័ន្ធលូក្នុងបុរី POLO និងពន្លឿនការស្តារអូរធម្មជាតិ ដើម្បីត្រៀមបង្ការទឹកជំនន់ក្នុងរដូវវស្សា
ខេត្តព្រះសីហនុ៖ ដើម្បីធានាបាននូវសោភ័ណភាពក្រុង និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋចំពោះមុខ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងសិក្សាបណ្តាញលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្នុងបុរី POLO ព្រមទាំងផែនការស្តារអូរប្រឡាយធម្មជាតិទូទាំងក្រុងព្រះសីហនុ។
នៅក្នុងកិច្ចប្រជុំនេះ លោក ជ្រាវ ថាវុធ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីស្ថានភាពបច្ចេកទេស និងបញ្ហាប្រឈមចំនួន ៨ ចំណុចសំខាន់ៗ ដែលរួមមាន៖
1. ការសិក្សាបណ្តាញលូ គឺការបែងចែករវាងបណ្តាញលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងបុរី POLO (ភូមិ៥ សង្កាត់លេខ៤)។
2. ការគ្រប់គ្រងផ្លូវថ្នល់ គឺបញ្ហាកកស្ទះដីលើស្ពានតាមបណ្តោយវិថីសែនជ័យ (ផ្លូវលេខ៤៩) និងការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមវិថីមិត្តភាព (ផ្លូវលេខ ៨០០)។
3. បញ្ហាស្ថានភាពជន់លិចនៅផ្លូវលេខ ៨៣៥ (ផ្លូវ៤០ម៉ែត្រ) តំបន់ស្រែត្រកូន និងបញ្ហាទឹកកខ្វក់ហូរចូលឆ្នេរអូរឈើទាល និងព្រែកសែនត្រជាក់ចិត្ត ដែលប៉ះពាល់ដល់បរិស្ថានឆ្នេរ។
ឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា បញ្ហាទឹកកខ្វក់គឺជាអាទិភាពខ្ពស់ដែលត្រូវដោះស្រាយជាបន្ទាន់។ ឯកឧត្ដមបានមានប្រសាសន៍បន្ថែមទៀតថា “ការសាងសង់ប្រព័ន្ធលូទឹកកខ្វក់ ទាមទារឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់បុរី និងអតិថិជន ដើម្បីឱ្យដំណើរការសាងសង់អាចប្រព្រឹត្តទៅបានតាមផែនការគ្រោងទុក។”
ជាវិធានការឆ្លើយតប ឯកឧត្តមបានដាក់ចេញនូវការណែនាំសំខាន់ៗដូចដូចជា មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវសិក្សាលើតម្លៃ និងបច្ចេកទេសដាក់លូទឹកកខ្វក់ទំហំ ០,៣០ម៉ែត្រ ដើម្បីនាំទឹកស្អុយពីលំនៅឋានឆ្ពោះទៅកាន់ប្រឡាយមេ ឬអាងចម្រោះទឹកកខ្វក់ទំហំ ១៦ហិកតា។ មន្ទីរសាធារណការ ត្រូវសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពអូរធម្មជាតិទាំងអស់ក្នុងក្រុង ដើម្បីកាយស្តារឱ្យបានធំទូលាយ។ ត្រូវពន្លឿនការបើកមុខទឹកឱ្យបានលឿនបំផុត ដើម្បីបង្ការការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ នៅពេលដែលរដូវវស្សានឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងការការពារគ្រោះទឹកជំនន់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងរក្សាតម្លៃនៃទីក្រុងទេសចរណ៍តំបន់ឆ្នេរឱ្យកាន់តែមានភាពទាក់ទាញ និងមានបរិស្ថានស្អាតប្រកបដោយនិរន្តរភាព៕

កែសម្រួលអត្ថបទ : មឿន ស្រីមុំ


