អភិបាលខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងករណីមានពលករខ្មែរ សម្រុកវិលត្រឡប់មកច្រើន  ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានពលករសម្រុកមកច្រើននោះទេ

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងនោះ ឯកឧត្តម សុខ លូ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង និងបន្តពិនិត្យច្រកទ្វារតំបន់ព្រំដែន សួនស៊ុំ (អូរអន្លក់) ស្ថិតក្នុងស្រុកកំរៀង បន្តដំណើរត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក និងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន។

ឯកឧត្តម សុខ លូ បញ្ជាក់ថា ក្រោយថៃបិទច្រកព្រំដែនជាឯកតោភាគី គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង បន្តបិទទាំងស្រុងសម្រាប់ការចរាចរណ៍ទំនិញខណៈច្រកថ្មើជើងបើកដំណើរការធម្មតា។ដោយឡែកច្រកព្រំដែន៤ផ្សេងទៀតបន្តបើកដំណើរការជាធម្មតាដោយបើកនៅម៉ោង៩ព្រឹក និងបិទនៅម៉ោង៤រសៀល។

ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងបន្ថែមថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចជាស្រេចក្នុងករណីមានពលករខ្មែរសម្រុកវិលត្រឡប់មកច្រើន ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានពលករសម្រុកមកច្រើននោះទេ។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ អំពាវនាវឱ្យប្រជាពលរដ្ឋនៅរស់តាមតំបន់ព្រំដែនសូមជឿលើព័ត៌មានពិត និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ប្រសិនបើពលករខ្មែរធ្វើការនៅប្រទេសថៃជួបការលំបាកហើយចង់វិលត្រឡប់មកស្រុកខ្មែរវិញគឺរាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូន។