អភិបាលខេត្តកំពត៖ វិវាទដីធ្លីនឹងថយចុះ ឬបញ្ចប់ទាំងស្រុងក្រោយពលរដ្ឋមានបណ្ណកម្មសិទ្ធិបញ្ជាក់ដីស្របច្បាប់រៀងៗខ្លួន
ថ្លែងក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ភូមិត្រពាំងក្តារ ភូមិខ្ពស់ និងភូមិអូរឫស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចបានគិតគូរជានិច្ចនូវរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសការបែងចែកដីធ្លីជូនពលរដ្ឋ អតីតយុទ្ធជន នៅទូទាំងប្រទេសក្រោយពេលបញ្ចប់សង្គ្រាម។ ឯកឧត្តមអភិបាលខេត្តបានបន្តថា បន្ទាប់ពីមានការចែកដីជូនរួចហើយ សម្តេចក៏បានបន្តរៀបចំចេញជាបណ្ណកម្មសិទ្ធិជូនពលរដ្ឋបន្តទៀត ដើម្បីបញ្ជាក់ពីភាពស្របច្បាប់នៃដីធ្លីរបស់បងប្អូនក្នុងន័យដើម្បីកុំឱ្យមានការរំលោភបំពានគ្នា ដែលអាចបង្កជាជម្លោះបាន។ ពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះ បានធ្វើឡើងក្នុងបរិវេណសាលាឃុំស្រែជាខាងត្បូង ស្ថិតក្នុងភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំបន្តរបស់សម្តេចធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានបន្តអនុវត្តន៍នូវគោលនយោបាយដីធ្លីដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ហើយបានដាក់ចេញនូវកិច្ចចង្អុលការផ្ទាល់ និងជំរុញដល់អាជ្ញាធររាជធានី-ខេត្ត ក្រសួង និងមន្ទីរជំនាញឱ្យពន្លឿនក្នុងការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុត ស្របតាមផែនការដែលបានគ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។ ឯកឧត្តមអភិបាលក៏បានរំលេចដែរថា ក្នុងរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ ការដោះវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមបានប្រមាណជាង ៣ពាន់ករណី ហើយក្នុងនោះវិវាទដីធ្លីមានប្រមាណជាង ៨០ភាគរយនៃវិវាទទាំងអស់ ដោយសារដីធ្លីមួយចំនួនធំមិនទាន់មានបណ្ណកម្មសិទ្ធិត្រឹមត្រូវ ដែលនេះជាបញ្ហាបង្កឱ្យមានវិវាទនេះកើតឡើង។ ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា ក្រោយពេលពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិរួចរាល់ នោះបញ្ហាវិវាទដីធ្លីនឹងមានការថយចុះ ឬអាចឈានដល់បញ្ចប់ពុំមានវិវាទ ព្រោះម្នាក់ៗមានបណ្ណសំគាល់កម្មសិទ្ធិដីធ្លីស្របច្បាប់ដោយពុំអាចមាននរណាម្នាក់មករំលោភបំពានបាននោះទេ។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ក្នុងថ្ងៃនេះ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវបានធ្វើឡើងសម្រាប់បងប្អូនប្រជាពលរដ្ឋមកពីភូមិចំនួន២ គឺភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ក្នុងឃុំខ្ចាយខាងត្បូង ដែលមានក្បាលដីសរុបចំនួន ៤.០៣១ក្បាលដី ស្មើនឹង ១.៨៤៥គ្រួសារ។ ចំណែកឯការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានភូមិចំនួន៣ ក្នុងឃុំស្រែជាខាងត្បូង រួមមាន៖ ភូមិត្រពាំងក្ដារ ភូមិខ្ពស់ និងភូមិអូរឫស្សី ដែលមានក្បាលដីសរុបចំនួន ៤.៣៦០ក្បាលដី ស្មើនឹង ២.២១៧គ្រួសារ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



