អភិបាលខេត្តកំពត៖ ក្រោមម្លប់សន្តិភាពកម្ពុជាមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញផ្តល់ដល់ប្រជាជនរបស់ខ្លួន

អភិបាលខេត្តកំពតបានបញ្ចាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ កម្ពុជាក៏មានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញផ្តល់ជូនប្រជាជនរបស់ខ្លួន ដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍។ ហើយប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ និងសាសនាទាំងអស់ដែលមានក្នុងប្រទេសកម្ពុជាសព្វថ្ងៃគឺមានថ្ងៃកំណើតតែមួយ គឺថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ក្រោយផ្តួលរំលំរបប ប៉ុន ពត។
—————————————————-
មានប្រសាន៍សំណេះសំណាលក្នុងពិធីជួបជុំសិស្ស-និសិ្សត បញ្ញវន្ត ហាគីម ទួន និងគ្រូបង្រៀនខ្មែរឥស្លាមលើកទី៥ ក្រោមប្រធានបទ “សាមគ្គីភាពរឹងមាំនាំមកនូវសុខសន្តិភាព” ដែលធ្វើឡើងនាសាសសន្និសីទបូកគោ សាលាខេត្តកំពត នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា គ្រប់ជនជាតិ គ្រប់សាសនាដែលរស់នៅក្នុងប្រទេសកម្ពុជា រស់រានមានជីវិត និងអាចប្រណិបត្តិសាសនារៀងៗខ្លួនឡើងវិញ ដោយសារយើងមានកណើតទី២ គឺថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលសម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំជាច្រើន បានបូជាសាច់ស្រស់ ឈាមស្រស់រំដោះប្រទេសចេញពីសង្គ្រាមប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ ឯកឧត្តមអភិបាលខេត្តបានរំលឹកដែរថា ក្នុងភ្នក់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍នេះ សាសនាទាំងអស់ត្រូវបានបំផ្លាញចោល ប្រជាពលរដ្ឋគ្មានសិទ្ធិក្នុងការគោរពប្រណិបត្តិសាសនា ហើយមានតែការបង្ខំឱ្យធ្វើការងារដោយមិនមានពេលសម្រាកនោះឡើយ។

ឯកឧត្តម ម៉ៅ ធនិន បានបន្តថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រកបរបររកស៊ី និងគោរពប្រណិបត្តិសាសនារៀងៗតាមប្រពៃណីទំនៀមទម្លាប់របស់ជនជាតិនីមួយៗដោយមិនមានការហាមឃាត់ណាមួយនោះឡើយ ហើយគ្រប់សាសនាទាំងអស់ត្រូវបានរាជរដ្ឋាភិបាលគិតគូរជានិច្ច។ មកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចនៅតែបន្តគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរនោះឡើយ និយាយជារួមគឺរួមសុខ រួមទុក្ខជាមួយគ្នា។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ កម្ពុជាក៏មានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញផ្តល់ជូនប្រជាជនរបស់ខ្លួន ដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍ ហើយកន្លងមក សមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត ២ពាន់លាននាក់ និងអង្គរការសម្ព័ន្ធពិភពឥស្លាម រួមទាំងបណ្តាប្រទេសជាច្រើនទៀត គឺថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនេះ បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយប្រៀបយកកម្ពុជា ធ្វើជាគំរូដ៏ល្អនៃប្រទេសដែលមានសុខដមនីយកម្មជាតិសាសន៍ និងសាសនា រវាងឥស្លាម ៥% ព្រះពុទ្ធសាសនាប្រមាណ ៩៣% និងសាសនាផ្សេងៗ ២% ដែលមានសាមគ្គីភាពនឹងគ្នាប្រកបដោយការអត់ឱន ដើម្បីជាការបញ្ជាក់ពីវឌ្ឍនភាពសាសនានៅកម្ពុជា។

សូមបញ្ជាក់ថាខេត្តកំពតមានប្រជាជនខ្មែរឥស្លាមចំនួន ២៦ ១៨៤នាក់ ស្មើនឹង ៧ ៦២៥គ្រួសារ មានម៉ាស្ជិទចំនួន ៣៥, ស៊ូរ៉ាវចំនួន ៤១, គ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៣៨កន្លែង, វិទ្យាល័យមានចំនួន ៣ និងអង្គការសមាគមន៍មានចំនួន ១១៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត