អភិបាលខេត្តកំពតបន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋក្រោយដោះស្រាយបញ្ចប់បានជាង ៣ពាន់ករណីកន្លងមក

ក្រោយពីធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនពលរដ្ឋបានប្រមាណជាង ៣ពាន់ករណីឱ្យបានសះជានឹងគ្នានៅទូទាំងខេត្តកំពតរួចមក សកម្មភាពនៃការដោះស្រាយត្រូវបានផ្អាកមួយរយៈ ព្រោះពុំមានពាក្យបណ្តឹងឡើងមកកាន់រដ្ឋបាលខេត្ត ហើយទំនាស់មួយចំនួនត្រូវបានដោះស្រាយបញ្ចប់នៅថ្នាក់ឃុំ-សង្កាត់ និងក្រុង-ស្រុក។ តែដោយសារមានការសំណូមពរពីសំណាក់បងប្អូនប្រជាពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនពួកគាត់ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបើកវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលវេទិការនេះធ្វើឡើងនៅសាលមហាជន សាលាខេត្តកំពត។
ក្នុងដំណើរការនៃការដោះស្រាយវិវាទនេះ ឯកឧត្តមអភិបាលខេត្តកំពតបានគូសបញ្ជាក់ថា នៅក្នុងយន្តការសម្រាប់ការសម្របសម្រួល និងដោះស្រាយវិវាទទាំងអស់ ឯកឧត្តមមិនអាចលំអៀងទៅនរណាម្នាក់បាននោះទេ ព្រោះប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តគឺជាគ្រួសារតែមួយដែលមានឯកឧត្តមជាសមាជិកម្នាក់ ហើយឯកឧត្តមចង់អោយសមាជិកនៃគ្រួសារដ៏ធំមួយនេះ រក្សាបាននូវភាពថ្លៃថ្នូរជាមនុស្ស បើអត់ត្រូវសុំ បើខ្ចីគេត្រូវសងគេវិញ បើយកដីគេត្រូវឱ្យម្ចាស់គេវិញ កុំឈ្លោះប្រកែក ប្តឹងផ្តល់ ឬមានគំនំគុំគួនគ្នា ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាព ជីវភាពរស់នៅ និងកិត្តិយសក្នុងនាមជាឈាមជ័រខ្មែរតែមួយ ជាអ្នកភូមិផងរបងជាប់គ្នា។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ឯកឧត្តមមិនខ្ជិលក្នុងការដោះស្រាយវិវាទនោះទេ ប៉ុន្តែក៏មិនសប្បាយចិត្តដែរនៅពេលឃើញមានបងប្អូនប្រជាពលរដ្ឋឈ្លោះគ្នា ហើយកុំដោយសារតែអាហារ ៣ពេល បែរជាភ្លេចតម្លៃ និងគុណធម៌ ជាបងជាប្អូន ជាប្រពន្ធជាកូន ជាឪពុកជាម្តាយ និងជាគ្រួសារតែមួយអោយសោះ ព្រោះនេះមិនមែនជាវប្បធម៌ ប្រពៃណី របស់ជនជាតិខ្មែរយើងទេ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលក៏បានរំលឹកដែរថា ប្រមុខរាជរដ្ឋាភិបាលបានលះបង់កម្លាំងកាយចិត្ត និងហ៊ានយកអាយុជីវិតជាថ្នូរដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនដល់ប្រជាជន និងប្រទេសជាតិ ហើយថែមទាំងបានចែកកម្មសិទ្ធិដីធ្លីជូនពលរដ្ឋកាន់កាប់ និងប្រើប្រាស់ ដើម្បីលើកកម្ពស់ជីវភាពគ្រប់ក្រុមគ្រួសារឱ្យកាន់តែល្អប្រសើរ ចុះហេតុអ្វី យើងរស់រានមានបានប៉ុណ្ណេះហើយ យើងនៅមានគំនិតលោភលន់ បៀតបៀន និងឈ្លោះប្រកែកគ្នាទៀត។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត គឺបានធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋបានចំនួន ៣.២៥៣ករណីប្រកបដោយជោគជ័យរួចមកហើយ។ ដោយភាពប៉ិនប្រសប់ក្នុងការដឹកនាំសម្របសម្រួលដោះស្រាយបញ្ហារបស់ឯកឧត្តមអភិបាលខេត្ត ក៏បានក្លាយជាគំរូមួយសម្រាប់អោយអាជ្ញាធរតាមបណ្ដាក្រុង-ស្រុក យកទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ ដែលបានធ្វើឱ្យករណីវិវាទមានការថយចុះជាបន្តបន្ទាប់។ ហើយការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាពេលនេះ គឺសុទ្ធសឹងតែជាការវិវាទដីធ្លីក្នុងគ្រួសាររវាង ឪពុក និងកូន បង និងប្អូន ហើយត្រូវបានដោះស្រាយបញ្ចប់កដោយភាពយុត្តិធម៌៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


