ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពត នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពត បានមានប្រសាសន៍ថា អតីតយុទ្ធជនគឺជាវីរជនដែលមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ និងមាតុភូមិ ដោយបានលះបង់សាច់ស្រស់ឈាមស្រស់ កម្លាំងកាយ និងកម្លាំងចិត្តក្នុងបេសកកម្មការពារទឹកដី និងស្វែងរកសុខសន្តិភាពជូនប្រជាជន។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពត បានដើរតួនាទីជាសេនាធិការក្នុងការបម្រើ និងគាំទ្រសមាជិក ធ្វើឱ្យអតីតយុទ្ធជនមានទំនុកចិត្ត និងភាពកក់ក្តៅ។ ជាមួយគ្នានេះ ពិធីសំណេះសំណាលមិនត្រឹមតែជាការជួបជុំប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការដឹងគុណ និងការចងចាំចំពោះគំរូវីរភាពរបស់អតីតយុទ្ធជនដែលបានលះបង់ដើម្បីប្រទេសជាតិ។ឯកឧត្តមបានស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងតម្រូវការរបស់ក្រុមគ្រួសាររបស់អតីតយុទ្ធជន និងនិវត្តជន ខណៈដែលរដ្ឋបាលខេត្តបានត្រៀមស្បៀង និងកន្លែងលាងឈាមជូនផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន អ៊ៀតយៀន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បាននាំយកការសាកសួរសុខទុក្ខ និងការលើកទឹកចិត្តពីសម្តេចតេជោ ជូនដល់សមាជិកទាំងអស់ ដោយផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ហើយប្រសិនបើមានបញ្ហាលំបាកណាមួយ សូមរាយការណ៍ទៅអាជ្ញាធរ ដើម្បីមានចំណាត់ការជួយដោះស្រាយឱ្យបានទាន់ពេលវេលា។
តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហុក ចិន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពត បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ ខេត្តកំពតមានអតីតយុទ្ធជន និងគ្រួសារជនពលីមរណៈសរុបចំនួន ៥.៦៨៣នាក់ ក្នុងនោះមានសមាជិកសមាគមសរុប ៤.៥៨១នាក់។ ដោយឡែក អតីតមន្ត្រីរាជការស៊ីវិលក្នុងខេត្តមានចំនួន ២.៥០២នាក់ រួមមាននិវត្តជន ២.៤៤៥នាក់ និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ៥៧នាក់។
របាយការណ៍ដដែលបានបញ្ជាក់ថា សមាជិកសមាគមដែលទទួលមរណភាពមានចំនួន ១៤២នាក់ ក្រុមការងារសមាគមបានសហការគ្នា ពីថ្នាក់ខេត្តដល់មូលដ្ឋាន ដើម្បីប្រគល់ថវិកាជូនគ្រួសារសពបានគ្រប់ចំនួន ១០០ភាគរយ ស្មើនឹងទឹកប្រាក់ ៥៦៨លានរៀល។ ក្នុងនោះ ក៏មានការបំពេញបន្ថែមថវិកាត្រៀមបម្រុងរបស់សម្តេចតេជោ ហ៊ុន សែន ជូនចំនួន ៨០នាក់ ស្មើនឹងទឹកប្រាក់ ៣២០លានរៀលផងដែរ។ ក្រៅពីនេះ សមាគមបានសហការជាមួយសាខាមូលនិធិជំនួយសង្គមខេត្តកំពត ក្នុងការបើកប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់ឧបត្ថម្ភជូនសមាជិកចំនួន ៧៤នាក់ ព្រមទាំងផ្តល់ប្រាក់បូជាសពជូនគ្រួសារសព ដែលមានទឹកប្រាក់សរុបចំនួន ១.១៧៦.០៤៧.៨០០រៀល៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


