អភិបាលខេត្តកំពតណែនាំអភិបាលក្រុងកំពត និងបូកគោបម្រើពលរដ្ឋឱ្យបានល្អប្រសើរនិងបន្តដឹកនាំរៀបចំក្រុងឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត

ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាលក្រុងកំពតឱ្យទៅកាន់ជាអភិបាលក្រុងបូកគោ  និងផ្ទេរអភិបាលក្រុងបូកគោ មកជាអភិបាលក្រុងកំពតវិញ  នៅថ្ងៃទី២ មីនា ឆ្នាំ២០២៦ នាសាលសន្និសីទបូកគោ ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ការផ្លាស់ប្តូរ និងផ្ទេរតំណែងនៃការដឹកនាំពីកន្លែងមួយទៅកាន់កន្លែងមួយទៀត គឺជារឿងធម្មតាសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់រដ្ឋ ដើម្បីដោះដូរនូវបទពិសោធន៍ និងរួមគ្នាបន្តការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែល្អប្រសើរ។ យ៉ាងណាមិញ ការផ្ទេភារកិច្ចរបស់លោកអភិបាលក្រុងកំពត និងលោកស្រីអភិបាលក្រុងបូកគោនាពេលនេះ ក៏ដូចគ្នាដែរ ដូច្នេះសូមលោក និងលោកស្រីអភិបាលក្រុងទាំងពីរ ចេះពិភាក្សា សួរនាំគ្នាទៅវិញទៅមកចំពោះចំណុចណាមួយ ឬការងារណាមួយ ដែលសេសសល់ហើយត្រូវធ្វើបន្តឱ្យបានច្បាស់លាស់។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពតមានភូមិសាស្ត្រអំណោយផល ហើយមានក្រុងពីរដែលមានសក្តានុពលខ្លាំងដូចគ្នា ហើយឯកឧត្តមជឿជាក់ថា លោក និងលោកស្រីអភិបាលក្រុងទាំងពីរ នឹងបន្តខិតខំដឹកនាំរៀបចំ និងអភិវឌ្ឍន៍ក្រុងឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីផ្តល់ជូននូវភាពសុខសាន្ត និងកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេង និងស្នាក់នៅក្រុងទាំងពីរ ពិសេសគឺការផ្តល់នូវសេវាសាធារណៈជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តឱ្យអភិបាលក្រុងទាំងពីរ ត្រូវធ្វើជាមេដឹកនាំគំរូ សម្រាប់មន្ត្រី និងប្រជាជន ដោយយកអំណាចដែលបានផ្តល់ដោយថ្នាក់ដឹកនាំទៅប្រើប្រកបដោយព្រហ្មវិហារធម៌ សច្ចៈធម៌ អនុវត្តន៍ច្បាប់ប្រកបដោយភាពទន់ភ្លន់ និងត្រូវចាត់ទុកបងប្អូនប្រជាពលរដ្ឋជាគ្រួសារតែមួយ។

យោងតាមអនុក្រឹត្យលេខ ១៥២ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា លោក លាង រឿងសុធី ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលក្រុងកំពត ឱ្យទៅកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងបូកគោ។ ទន្ទឹមនឹងនេះដែរ លោកស្រី ងិន ផលរ័ត្ន ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលក្រុងបូកគោ ឱ្យមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងកំពតវិញ។ សូមបញ្ជាក់ផងដែរថា លោកស្រី ងឹន ផលរ័ត្ន ជាអភិបាលក្រុងបូកគោដំបូងគេ បន្ទាប់ពីក្រុងនេះត្រូវបានបង្កើតកាលពីជាង៤ឆ្នាំមុន ខណៈដែលលោក លាង រឿនសុធី បានបម្រើការងារជាអភិបាលក្រុងកំពតបានពីរអាណត្តិហើយ៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត