អភិបាលខេត្តកំពតចុះជួបសំណេះសំណាលនិងនាំយកអំណោយសប្បុរសធម៌ជូនគ្រួសារវីរៈកងទ័ពជួរមុខជាង ៤០គ្រួសារក្នុងស្រុងដងទង់ និងក្រុងកំពត

អភិបាលខេត្តកំពតចុះជួបសំណេះសំណាលនិងនាំយកអំណោយសប្បុរសធម៌ជូនគ្រួសារវីរៈកងទ័ពជួរមុខជាង ៤០គ្រួសារក្នុងស្រុងដងទង់ និងក្រុងកំពត
————————————————
ដើម្បីសំដែងនូវការគោរពដឹងគុណនូវវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខ ក៏ដូចជាមានការផ្តល់នូវការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គ្រួសារវីរៈកងទ័ពទាំងអស់ អភិបាលខេត្តកំពតបាននាំយកអំណោយសប្បុរសធម៌ដែលជាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅចែកជូនដល់គ្រួសារវីរៈកងទ័ពដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នូវតែបន្តជួយគាំទ្រពីក្រោយជានិច្ចដល់វីរៈកងទ័ពជួរមុខ ក៏ដូចជាគ្រួសារវីរៈកងទ័ពដែលនៅតាមបណ្តាក្រុង-ស្រុកទាំងអស់។
————————————————
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តរួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត បាននាំយកអំណោយសប្បុរសធម៌ ដែលបានមកពីការចូលរួមឧបត្ថម្ភពីសប្បុរសជនតាមបណ្តាក្រុង-ស្រុក យកទៅប្រគល់ជូនដល់គ្រួសារវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ដែលមានទីលំនៅក្នុងស្រុកដងទង់ និងក្រុងកំពត។ ក្នុងនោះស្រុកដងទង់មានចំនួន ៣៤គ្រួសារ និងក្រុងកំពតមាន ១៣គ្រួសារ សរុបចំនួន ៤៧គ្រួសារ។
មានមិតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជូនពរជ័យដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាំ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះវីរៈកងទ័ពនិងក្រុមគ្រួសារ មិនថាប្រទេសមិនមានសង្គ្រាម ឬជួបប្រទះនូវសង្គ្រាមឈ្លានពាននោះទេ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តដែលតំណាងឱ្យថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏បានសំដែងនូវការគោរពដឹងគុណដ៏ស្មោះអស់ពីដួងចិត្តចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពកម្ពុជាដែលនៅជួរមុខទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារនូវបូរណភាពទឹកដី និងប្រជាពលរដ្ឋរបស់ខ្លួនដោយមិនរាថយ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនវីរៈកងទ័ពជួរមុខទាំងអស់ តាមរយៈគ្រួសារនីមួយៗថា សូមកុំមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ ព្រោះនៅទីនេះមានថ្នាក់ដឹកនាំប្រទេស រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែង ថែរក្សា ក៏ដូចជាផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ក្នុងន័យដើម្បីតបស្នងសងគុណចំពោះការលះបង់ដ៏មានតម្លៃបំផុតសម្រាប់ជាតិ និងប្រជាជនពីសំណាក់វីរៈកងទ័ព។ ម្យ៉ាងទៀត ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវចែកចាយនូវព័ត៌មានមិនច្បាស់លាស់ ព័ត៌មានដែលមានការញ៉ុះញ៉ុង បំបែកបំបាក់ផ្ទៃក្នុងដែលអាចបង្កើតឡើងដោយសត្រូវរបស់យើង ហើយត្រូវតាមដានព័ត៌មានដែលផ្សាយចេញដោយផេកផ្លូវការរបស់រាជរដ្ឋាភិបាល ពិសេសត្រូវជឿជាក់លើការដឹកនាំ និងដោះស្រាយបញ្ហាពីសំណាក់ថ្នាក់ដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត