អភិបាលខេត្តកំពង់ចាម ជម្រុញឲ្យពលរដ្ឋនិងពលករចំណាកស្រុក រៀនយកជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេស (TVET)

ខេត្តកំពង់ចាម ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអអយ្យការអមសាលាដំបូងខេត្ត និងសហការី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមដោយផ្ទាល់ ក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម (TVET) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម សំដៅពួកគាត់ឲ្យមានជំនាញច្បាស់លាស់ទៅប្រកបអាជីវកម្មរៀងៗខ្លួន។

ឯកឧត្ដម អភិបាលខេត្ត ក៏បានជំរុញដល់សិក្ខាកាមដែលកំពុងរៀនជំនាញបច្ចេកទេស និងកំពុងអនុវត្តន៍ផ្ទាល់លើជំនាញជួសជុលម៉ូតូ និងរថយន្តនៅរោងជាងនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ទាំងអស់ឲ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានចប់ដើម្បីយកចំណេះជំនាញដែលខ្លួនរៀនប្រកបរបរខ្លួនឯង ឬធ្វើឲ្យគេ ដើម្បីកាត់បន្ថយភាពក្រីក្រផង និងលើកស្ទួយជីវភាពក្នុងគ្រួសារឲ្យកាន់តែល្អប្រសើរឡើង។

លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានបន្តចុះផ្សព្វផ្សាយផ្ទាល់នៅតាមមូលដ្ឋានដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ស្តីពីការចុះឈ្មោះចូលរៀនវគ្គជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមនិងបានសហការជាមួយមន្ទីរការងារក្នុងការផ្សព្វផ្សាយពីឱកាសដែលតាមបណ្តាក្រុមហ៊ុនចុះទៅធ្វើវេទិការ ការងារដល់ប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ និងពលករមកពីថៃ។

ចំណែកលោកចេង ហៀងប្រធានមន្ទីរការងារខេត្តបានប្រាប់ឲ្យដឹងដែលថា ចំពោះពលករចំណាកស្រុកវិលមកពីប្រទេសថៃមានប្រុសស្រីនៅក្នុងខេត្តកំពង់ចាមសរុបទាំងអស់ជាង៦០០០នាក់ ក្នុងនោះសាលាបច្ចេកទេសមិនទាន់បានចូលរៀននៅឡើយទេ។តែអ្នកផ្សេងមានការងារធ្វើតាមបណ្ដារោងចក្រ សហគ្រាសនានាក្នុងខេត្តកំពង់ចាម ប្រមាណជិត១៥០០នាក់ ដែលតួលេខគ្រប់គ្រងបានជាមួយនោះក៏មានអ្នកខ្លះទៀតបានស្វះស្វែងរកការងារដោយខ្លួនឯងទៀតផង៕