អភិបាលខណ្ឌឫស្សីកែវ៖ ដោយសារការរំលោភបំពានពីកងទ័ពថៃបានធ្វើឱ្យគ្រួសារកងទ័ពនៅជួរមុខ និងពលរដ្ឋមួយចំនួនរត់ភៀសសឹកមកដល់មូលដ្ឋានខណ្ឌឫស្សីកែវ
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវបានថ្លែងថា ដោយសារការរំលោភបំពានពីកងទ័ពថៃកន្លងទៅនេះបានធ្វើឱ្យគ្រួសារកងទ័ពនៅជួរមុខប្រមាណ ៧៨គ្រួសារ បានរត់មកស្នាក់នៅបណ្តោះអាសន្ននៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ហើយក៏ទទួលបាននូវការយកចិត្តទុកដាក់ពីអាជ្ញាធរ ជាពិសេសចំពោះគ្រួសារកងទ័ពដែលមានជីវភាពខ្សត់ខ្សោយ ខណៈដែលខណ្ឌឫស្សីកែវក៏មានផងដែរនូវជនភៀសសឹកដែលរត់ពីទល់ដែនប្រមាណជិត ៤០០គ្រួសារមកស្នាក់នៅបណ្តោះអាសន្ន តែក្រោយពីការអនុវត្តនូវបទឈប់បាញ់រហូតមកទល់ពេលនេះគឺសល់បងប្អូនចំនួន១០១គ្រួសារទៀត ដែលពុំទាន់បានវិលត្រឡប់ទៅវិញ ដែលនាំឱ្យអាជ្ញាធរត្រូវបន្តផ្តល់នូវការឧបត្ថម្ភចំពោះពួកគាត់ ដើម្បីរួមចំណែកក្នុងការដោះស្រាយជីវ
ភាព។ ការលើកឡើងរបស់លោកអភិបាលខណ្ឌយ៉ាងដូច្នេះ ក្នុងឱកាសទទួលអំណោយពីសាលាអនុគណខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅវត្តញាណរង្សី។
លោក ជិន ប៊ុនធឿន បានបន្តថា បន្ទាប់ពីការវិលត្រឡប់ទៅវិញរបស់គ្រួសារកងទ័ព ឬគ្រួសារជនភៀសសឹកក៏នៅមានកូនចៅរបស់ពួកគាត់បានបន្តស្នាក់នៅជាមួយសាច់ញាតិប្រមាណជិត១០០នាក់ ដើម្បីការសិក្សារៀនូត្រនៅទីនេះ ដែលធ្វើឱ្យលោកក្នុងនាមជាអភិបាលខណ្ឌផង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌផងនោះបានខិតខំក្នុងការកៀរគរជំនួយ ជាពិសេសស្បៀងមានអង្ករជាដើម ដើម្បីចែកជូនដល់ពួកគេមួយចំណែក និងមួយចំណែកទៀតបានបញ្ជូនទៅកាន់វីរកងទ័ពយើងនៅជួរ
មុខ។
ក្នុងឱកាសនេះ លោកអភិបាលខណ្ឌឫស្សីកែវបានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះព្រះគ្រូរតនប្បជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ និងជាព្រះចៅអធិការវត្តញាណរង្សី រួមទាំងព្រះចៅអធិការទាំង៤វត្តក្នុងខណ្ឌឫស្សីកែវ ដែលបានឧបត្ថម្ភអំណោយជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនាពេលនេះ នូវ អង្ករ១តោន ទឹកក្រូច១០កេស មី១០កេស ទឹកស៊ីអ៊ីវ១០យួរ ទឹកត្រី១០យួរ ទឹកសុទ្ធ១០កេស ត្រីខ១០យួរ ទឹកដោះគោ៣០កំប៉ុង ស្ករស៣០គីឡូក្រាម តែ២០០កញ្ចប់ សម្ភារផ្ទះបាយ ៤សម្រាប់ សរុបជាថវិកាចំនួន៧,៩៨០,០០០រៀល។
មានសង្ឃដីកាក្នុងឱកាសនេះព្រះគ្រូរតនប្បជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវបានគូសបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនាពេលនេះគឺបានមកពីការចូលបច្ច័យបូជាចំពោះព្រះពុទ្ធសាសនា និងការផ្គត់ផ្គង់ចំពោះព្រះសង្ឃពីសំណាក់ប្រជាពុទ្ធបរិស័ទ ហើយវត្តក៏បានប្រើប្រាស់មួយចំណែក និងលៃលកទុកមួយចំណែកដើម្បីប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសម្រាប់យកទៅចែកបន្តដល់ពលរដ្ឋខ្វះខាត ពលរដ្ឋរងគ្រោះ ពលរដ្ឋ និងគ្រួសារកងទ័ពភៀសសឹកដែលរត់គេចចេញពីការបាញ់ផ្លោងរបស់កងទ័ពថៃ ដែលបានរំលោភមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា បង្កនូវការស្លាប់ និងរបួសដល់កងទ័ព និងប្រជាជនកម្ពុជា បំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាយ៉ាងអមនុស្សជាទីបំផុតនោះ៕



