អបអរសាទរ! ការបើកជើងហោះត្រង់ថ្មីរវាងរាជធានីភ្នំពេញ-ទីក្រុងតូក្យូ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅការមកដល់របស់ភ្ញៀវអ្នកដំណើរជើងដំបូង មកកាន់ទីក្រុងតូក្យូ តាមរយៈជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)

នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្រ្តីស្ថានទូត បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថានៅក្នុង ពិធីអបអរសាទរការបើកជើងហោះត្រង់ថ្មីរវាងរាជធានីភ្នំពេញ-ទីក្រុងតូក្យូ (Flight: K6592) និងការទទួលស្វាគមន៍ការមកដល់របស់ភ្ញៀវអ្នកដំណើរជើងដំបូង មកកាន់ទីក្រុងតូក្យូ តាមរយៈជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅអាកាសយានដ្ឋានអន្តរជាតិណារីតា ទីក្រុងតូក្យូ ដែលកម្មវិធីនេះមានការចូលរួមពី លោកស្រី Wendy Y.W. Chen នាយកប្រតិបត្តិរង (Vice CEO) នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា, លោក NAKAMURA Fumitoshi នាយកគ្រប់គ្រងអាកាសយានដ្ឋាន នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន, លោក AMITANI Naoki មន្រ្តីជាន់ខ្ពស់ (Senior Air Talks Officer) នៃការិយាល័យអាកាសចរណ៍ស៊ីវិលជប៉ុន (JCAB- Japan Civil Aviation Bureau), តំណាងអាកាសយានដ្ឋានអន្តរជាតិណារីតា, តំណាងក្រុមហ៊ុនដៃគូ Swissport Japan និងសហការី នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា បានសម្ដែងការកោតសរសើរចំពោះក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលបានសហការជាមួយអាកាសយានដ្ឋានអន្តរជាតិណារីតា ដើម្បីរៀបចំពិធីអបអរសាទរជើងហោះហើរត្រង់លើកដំបូង ភ្នំពេញ-តូក្យូ តាមរយៈហ៊្វូចូវ ដើម្បីស្វាគមន៍ភ្ញៀវអ្នកដំណើរជើងដំបូង ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិណារីតា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវអ្នកដំណើរជើងដំបូងទាំងអស់ ចំពោះការគាំទ្ររបស់ពួកគេក្នុងការធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នាពេលនេះ និងនាពេលខាងមុខបន្ដបន្ទាប់ទៀត។
ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ជើងហោះហើរត្រង់នេះ មិនត្រឹមតែជាផ្លូវហោះហើរថ្មីប៉ុណ្ណោះទេ វានឹងបង្កើតនូវឱកាសថ្មីៗសម្រាប់បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងកម្ពុជា និងជប៉ុន។ លើសពីនេះទៀត ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការកើនឡើងសម្រាប់ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងដ៏សស្រាក់សស្រាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport) ត្រូវបានសម្ពោធជាផ្លូវការដោយ សម្តេចធីបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ផងដែរ។
ឯកឧត្តមឯកអគ្គរាជទូត មានជំនឿយ៉ាងមុតមាំថា ការចាប់ផ្តើមជើងហោះហើរត្រង់នេះ មិនត្រឹមតែបង្កនូវលក្ខណៈកាន់តែងាយស្រួលក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយជំរុញ និងទាក់ទាញអ្នកវិនិយោគធំៗកាន់តែច្រើនពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា ហើយកំណើនភ្ញៀវទេសចររវាងកម្ពុជា-ជប៉ុន ក៏នឹងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងចាប់ពីឆ្នាំ២០២៣ មក ក៏នឹងត្រូវបានពង្រឹងកាន់តែរឹងមាំថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានសម្ដែងការអបអរសាទរដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចំពោះសមិទ្ធផលដ៏សំខាន់នៃការបើកជើងហោះហើរថ្មីនេះ និងបានជូនពរដល់ក្រុមហ៊ុននិងសហការី សូមទទួលបានការគាំទ្រនិងការទុកចិត្តពីអតិថិជនកាន់តែច្រើនឡើង បន្តនូវភាពរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យថ្មីៗសម្រាប់រយៈពេលជាច្រើនឆ្នាំតទៅមុខទៀត៕