អបអរសាទរពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៥ ឆ្នាំ២០២៥ (The 5th Miss Planet International 2025)

ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធីគ្រុប និងជាសា កលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា និង លោកស្រី ហាលី អាមីន ស្ថានិក-ប្រធាន Miss Planet International ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និស្សិត នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និងសាធារណជនប្រមាណជាង ៥០០នាក់ ចូលរួមអបអរសាទរពិធីបើកជាផ្លូវការ បវរ កញ្ញាភពផែនដី អន្តរជាតិ លើកទី៥ ឆ្នាំ២០២៥ (The 5th Miss Planet International 2025) ។

ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៥ ឆ្នាំ២០២៥ ប្រព្រឹត្តទៅ នាថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ត ស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាស ចោមចៅ ដែលមានការអញ្ជើញចូលរួមពីបវរកញ្ញាភពផែនដី អន្តរជាតិ មកពីជាង ៤០ប្រទេស ជុំវិញពិភពលោករួមមាន៖ Cambodia, Algeria, Australia, Bangladesh, Benin, Cambodia, Cameroon, Cote d’Ivoire, Ethiopia, France, Guatemala, Hati, Hmong, Iceland, India, Indonesia, Ireland, Italy, Japan, Madagascar, Maturitius, Mexico, New Zealand, Panama, Poland, Riviera Maya, Russia, Poland, Slovenia, Suriname, Sweden, Timor Leste, United States, US Virgin។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា បានកោតសរសើរ និងអរគុណ ចំពោះ Miss Planet International និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានជួយជ្រោមជ្រែង និងបង្កើតកម្មវិធីមួយនេះ ឱ្យកើត មានឡើង ដើម្បីលើកកម្ពស់មុខមាត់ព្រះរាជាណាចក្រកម្ពុជារបស់យើងឱ្យស្មើនឹងបណ្តាប្រទេសនានាលើពិភពលោក។ គោលបំណងក្នុងការរៀបចំឲ្យមានការប្រកួតនេះឡើង គឺចង់ប្រើប្រាស់ភាពល្បីល្បាញរបស់កម្មវិធីអន្តរជាតិ ប្រជាប្រិយភាពនៃវិស័យបវរកញ្ញា ភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសបេតិកភណ្ឌជាតិ ដ៏អច្ឆរិយរបស់យើងទៅកាន់សកលលោក ដោយមោទនភាពផងដែរ។

ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាន មានប្រសាសន៍ និងស្វាគមន៍ចំពោះប្រតិភូ បវរកញ្ញាភពផែនដី អន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា និងបានទស្សនាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបង្ហាញពីការគាំទ្រ លើកកម្ពស់ទាំងវិស័យទេសចរណ៍ ផ្សារភ្ជាប់ ជាមួយវិស័យអប់រំ ។ ឯកឧត្តម បានបន្ថែមទៀតថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានបណ្តុះបណ្តាល ៥កម្រិតសិក្សា រួម មានថ្នាក់បំប៉នភាសាអង់គ្លេស ចិន និងកុំព្យូទ័រ បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើ១៣ មហា វិទ្យាល័យ និង៤៥មុខជំនាញ។ នេះជាលើកទី៥ ហើយ ដែលព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី បវរកញ្ញាភពផែនដី អន្តរជាតិ (Miss Planet International) ដែលលើកទី១ក្នុងខែមីនា ឆ្នាំ២០១៩ មានបវរកញ្ញាភពផែនដី អន្តរជាតិ ចូលរួមចំនួន ៣៣ប្រទេស លើកទី២ក្នុងខែមករា ឆ្នាំ២០២៣ មានចំនួន១៨ប្រទេស លើកទី៣ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន៤៣ ប្រទេស លើកទី៤ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មានបវរកញ្ញាភពផែនដី អន្តរជាតិ ចូលរួមចំនួន ៧០ប្រទេស ហើយលើកទី៥ ក្នុង ឆ្នាំ២០២៦នេះ មានបវរកញ្ញាភពផែនដី អន្តរជាតិ ចូលរួមចំនួន ៤០ប្រទេសមកពីជុំវិញពិភពលោក នេះបង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងបានអរគុណសន្តិភាព ដែលធ្វើឱ្យប្រជាជនរស់នៅមាន សេចក្តីសុខ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាមូលដ្ឋានគ្រឹះ នៃឯកភាពជាតិ ឯកភាពទឹកដី និងសន្តិភាពពេញលេញនៅកម្ពុជា។ ឯកឧត្តមក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹង ប្រែង របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្សជាអាទិភាព ទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់។ 

នៅក្នុងឱកាសនេះ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធីគ្រុប លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា និង លោកស្រី ហាលី អាមីន ស្ថានិក-ប្រធាន Miss Planet International ព្រមទាំងអ្នកឧបត្ថម្ភកម្មវិធីទាំងអស់បានចូលរួមកាត់ខ្សែបូរ អបអរសាទរពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៥ ឆ្នាំ២០២៥ ផងដែរ៕