អបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៦) 

ធនាគារជាតិនៃកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៦) ក្រោមអធិបតីភាព ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាជាតិ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS)។

ក្នុងឱកាសនោះ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍អំពីខ្លឹមសារសង្ខេបនៃលទ្ធផលក្នុងឯកសារស្រាវជ្រាវសំខាន់ៗចំនួនពីរដែលធនាគារជាតិនៃកម្ពុជាបានសហការជាមួយរដ្ឋសភាជាតិ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ដែលរួមមាន i/- របាយការណ៍សង្ខេបស្តីពីលទ្ធផលសិក្សាស្រាវជ្រាវអំពី “ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា” និង ii/- អត្ថបទស្រាវជ្រាវ “ការអង្កេតលើការប្រើប្រាស់រូបិយវត្ថុនៅក្នុងវិស័យសាធារណៈ”។

បន្ថែមលើនេះ អង្គសិក្ខាសាលាក៏បានពិភាក្សាយ៉ាងផុលផុសលើប្រធានបទ “វឌ្ឍនភាព បញ្ហាប្រឈម និងគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀល” ដោយមានការចូលរួមជាវាគ្មិនពីមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអុឺរ៉ុបប្រចាំកម្ពុជា និងសមាគមធនាគារនៅកម្ពុជាផងដែរ។

សិក្ខាសាលានេះមានគោលបំណងបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលក្នុងសង្គមនិងសេដ្ឋកិច្ចកម្ពុជា ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាជាតិ ក្រសួង-ស្ថាប័នសាធារណៈ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងនិស្សិតសរុបប្រមាណ ២៥០រូប។