ពិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារី បានបញ្ជាក់ថា ទិវានេះជាព្រឹត្តិការណ៍សកលដើម្បីរំលឹកដល់ការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃសមភាពយេនឌ័រនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោកស្រីបានបន្ថែមថា ខេត្តព្រះសីហនុបានអនុវត្តយ៉ាងសកម្មនូវផែនការយុទ្ធសាស្ត្រ «នារីរតនៈទាំង៦» របស់ក្រសួងកិច្ចការនារី ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។
អង្គពិធីក៏បានលើកឡើងពីបញ្ហាដែលត្រូវរួមគ្នាដោះស្រាយ រួមមាន៖ អំពើហិង្សាគ្រប់រូបភាព, ការជួញដូរមនុស្ស, ការប្រើប្រាស់គ្រឿងញៀន និងការប៉ះពាល់សីលធម៌សង្គមដោយសារវប្បធម៌បរទេស។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា “បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍន៍ បើគ្មានសន្តិសុខក្នុងគ្រួសារ ស្ត្រីក៏មិនអាចបញ្ចេញសក្ដានុពលពេញលេញបានដែរ”។
ឯកឧត្តមបានសង្កត់ធ្ងន់ថា សន្តិភាពដែលកម្ពុជាមានសព្វថ្ងៃ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺជាលទ្ធផលនៃ «នយោបាយឈ្នះ–ឈ្នះ» ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន និងការបន្តវេនដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់អាទិភាពខ្ពស់ដល់តម្លៃស្ត្រី។
សម្រួលអត្ថបទ៖ ម៉ារ៉ាឌី



