អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្តល់កម្ចីមានការធានាជូនដល់សមាជិកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ( FASMEC) បានមានប្រសាសន៍ថា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា តែងតែគិតគូបន្ថែមលើការជម្រុញផលិតកម្មក្នុងស្រុកអោយកាន់តែមានសក្តានុពលលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល FASMEC បានមានប្រសាសន៍បែបនេះ ក្នុងឱកាសនៃការអញ្ជើញចុះអនុស្សារណៈនៃការយោគយល់ រវាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្តល់កម្ចីមានការធានាជូនដល់សមាជិកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
ឧកញ៉ា តែ តាំងប៉ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជម្រុញនូវការផ្តល់ឥណទានលើវិស័យអាទិភាព ដែលគាំទ្រលើការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងអត្រាការប្រាក់ទាបផងដែរ។ កត្តានេះហើយដែលធ្វើអោយយើងចាប់ដៃគ្នាបង្កើតកិច្ចសហការ និងចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងជម្រុញកិច្ចការងារផ្តល់ឥណទានអោយចំគោលដៅ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ទូទាំង២៥រាជធានីខេត្ត ទទួលបានដើមទុនក្នុងការពង្រីកសង្វាក់ផលិតកម្ម និងក្លាយជាឆ្អឹងខ្នងដ៏រឹងម៉ាំនៃសេដ្ឋកិច្ចជាតិ ហើយសម្រេចបាននូវអត្រាកំណើនផលិតផលក្នុងស្រុកសរុបកាន់តែមានស្ថេរភាព។
ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល FASMEC មានប្រសាសន៍បន្តថា ពិធីចុះហត្ថលេខាក្នុងថ្ងៃនេះ នឹងទទួលបាននូវផ្លែផ្ការជាទីមោទនៈ ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម សមស្របទៅតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងផ្តល់លទ្ធភាពអោយមានការពង្រីកផលិតកម្មក្នុងស្រុកកាន់តែមានគុណភាព ផលិតភាព និងស្តង់ដារប្រកួតប្រជែងជាសកល។
សាជីវកម្មធានាឥណទានកម្ពុជា ជាក្រុមហ៊ុនរដ្ឋ មានបំណងផ្តល់សេវាធានាឥណទាន លើកម្ចីដែលផ្តល់ដោយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក ជូនដល់សមាជិករបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ចំពោះធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក ជាធនាគារគោលនយោបាយ ដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការលើការផ្តល់កម្ចីមានការធានាដល់សមាជិកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា » ត្រូវបានចុះហត្ថលេខាដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម, លោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងលោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank)។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ការផ្តល់កម្ចីរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងការសម្របសម្រួលពីសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)៕