អនុប្រធានទី១ រដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានផ្តល់អនុសាសន៍ ៤ចំណុច ដល់ ឯកឧត្តម ចេម វីឌ្យ៉ា មុនចេញទៅបំពេញការងារជាអគ្គលេខាធិការ AIPA នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានអនុញាត្តឱ្យ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកអាយប៉ា/AIPA និងត្រូវបានជ្រើសតាំងជាអគ្គលេខាធិការអាយប៉ា ទី៧ ចូលជួនសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តាមនាមរដ្ឋសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា បានសម្តែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដែលត្រូវបានមហាសន្និបាតអោយប៉ា បានអនុម័តគាំទ្របេក្ខភាព ជាអគ្គលេខាធិការទី៧ ដែលនឹងត្រូវចូលកាន់តំណែងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨។ ទន្ទឹមនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏កោតសរសើរចំពោះសមត្ថភាព និងចរិយាមាហាទរបស់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដែលបានធ្វើឱ្យរដ្ឋសភា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំងជាតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជាអគ្គលេខាធិការ អាយប៉ា/AIPA។
ក្នុងឱកាសនោះ ដើម្បីឱ្យការបំពេញការងាររបស់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ក្នុងតួនាទីជាអគ្គលេខាធិការអាយប៉ា/AIPA ក្នុងអគ្គលេខាធិការដ្ឋានអាយប៉ា និងលេខាធិការដ្ឋានជាតិអាយប៉ា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានផ្តល់នូវអនុសាសន៍ ៤ ចំណុច រួមមាន៖
ទី១.បន្តកិច្ចសហប្រតិបត្តិការអាស៊ាន-អាយប៉ា ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសក្នុង ក៏ដូចជាការជំរុញកិច្ចសហការគាំទ្រការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ប្រតិបត្តិការក្នុងតំបន់ប្រកប ដោយបរិយាប័ន្ន និងផ្តោតលើប្រជាជន។
ទី២.បន្តអនុវត្តការងារតាមប្រតិទិនការងារប្រចាំឆ្នាំរបស់អោយប៉ា សំដៅធ្វើយ៉ាង ណាឲ្យទទួលបានប្រសិទ្ធភាពការងារខ្ពស់បំផុត។
ទី៣.បន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តការជាមួយដៃគូរអភិវឌ្ឍន៍អោយប៉ា ដែលមាន ស្រាប់ និងខិតខំពង្រីកដៃគូរបន្ថែម និងធ្វើយ៉ាងណាឲ្យទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។
ទី៤. បន្តដឹកនាំលេខាធិការដ្ឋានអាយប៉ា និងផ្តល់សេវាដល់ប្រធានអោយប៉ា សំដៅ យ៉ាងណាឲ្យទទួលបានលទ្ធផលការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា ក៏បានជូនពរ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា និងសហការី ទទួលបានជោគជ័យក្នុងពេលបំពេញតួនាទីជាអគ្គលេខាធិការអាយប៉ា/AIPA ទី៧នេះ។
ដោយឡែក ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា ដែលបានអនុញាត្តជូន ឯកឧត្តម និងសហការី ព្រមទាំងក្រុមគ្រួសារ ចូលជួបទទួលអនុសាសន៍ណែនាំមុនចេញទៅបំពេញការងារចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២៦ខាងមុខនេះ។ ឯកឧត្តមបណ្ឌិត បានចាត់ទុកអនុសាសន៍ណែនាំទាំង ៤ចំណុច របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ពិតជាមានសារៈសំខាន់ណាស់សំរាប់ ឯកឧត្តម និងសហការី យកទៅអនុវត្តក្នុងពេលបំពេញការងារឱ្យទទួលបានជោគជ័យ។
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានប្តេជ្ញានឹងខិតខំបំពេញការងារឱ្យទទួលបានជោគជ័យជូនថ្នាក់ដឹកនាំដែលបានផ្តល់សេចក្តីទុកចិត្ត និងជូនជាតិមាតុភូមិ៕



