អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃឈើដាំ នៅស្រុកព្រៃនប់

នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំ តំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់)ដែលមានទីតាំងស្ថិតនៅភូមិសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមជម្រាបថា គម្រោងរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់)មានទុនវិនិយោគសរុបប្រមាណ ៤,៦៩លានដុល្លារអាមេរិច។ លោកអភិបាលរង បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាពជួយសម្របសម្រួលនីតិវិធីមួយចំនួនដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរងចាំច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន។

ជាមួយគ្នានេះ លោកអភិបាលរងក៏បានស្នើដល់វិនិយោគិនត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងជាពិសេសពលករដែលត្រឡប់មកពីប្រទេសថៃវិញ។CMD

 

ប្រភពៈ រដ្ឋបាលខេត្តព្រះសីហនុ