អតីតយុទ្ធជនចំនួន ៨០គ្រួសារ ទទួលអំណោយផ្ទះពីសម្តេចតេជោ និងសម្តេចធិបតី នៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះដីឡូត៍ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម ជូនអតីតយុទ្ធជនចំនួន ៨០គ្រួសារ នៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម និងសមដែលបានបន្តគិតគូរដល់សុខទុក្ខ​អតីតយុទ្ធជនជួបការលំបាកឱ្យទទួលបានអំណោយដ៏មានអត្ថន័យ និងតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលិកម្មជូនជាតិ និងប្រជាជន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេន តែងតែគិតគូរ ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលមានជីវភាពលំបាក ដើម្បីដោះស្រាយក្នុងការផ្តល់ផ្ទះដីឡូត៍ និងដីសម្បទានសង្គមកិច្ចតាមបណ្តាខេត្តដូចបានរៀបចំភូមិអតីតយុទ្ធជនកន្លងមក។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានិច្ចកាលបានបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជនទាំងការផ្តល់ដី និងផ្ទះ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតជាបន្តបន្ទាប់។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា អំណោយផ្ទះដែលបានផ្តល់ជូនអតីតយុុទ្ធជននាពេលនេះ នឹងកែប្រែជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរជាងមុន ដោយសារពួកគាត់បានបង្កើតមុខរបរ ដូចជា ចិញ្ចឹមសត្វ និងការដាំដុះដំណាំជាលក្ខណៈគ្រួសារជាដើម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អតីតយុទ្ធជនដែលទើបទទួលបានផ្ទះថ្មីត្រូវថែរក្សាឱ្យបានល្អ ដោយសារនេះគឺជាមរតកដ៏មានអត្ថន័យពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយក៏ជាចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចទាំងទ្វេរជូនអតីតយុទ្ធជន និងនិវត្តជន។

ជាចុងបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតពីរាជរដ្ឋាភិបាល៕