អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បង្ហាញខ្លួនជា លើកទី៣នៅតុលាការក្រុង បន្ទាប់ពីបទចោទប្រកាន់ប្រើប្រាស់ ច្បាប់អាជ្ញាសឹក

នាព្រឹកថ្ងៃច័ន្ទនេះអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានមកដល់តុលាការក្រុងដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីបីនៃបទចោទឧក្រិដ្ឋកម្មដែលលោកបានប្រព្រឹត្តដោយចេតនាក្នុងទីក្រុងសេអ៊ូលកាលពីចុងខែធ្នូឆ្នាំ២០២៤។ គួររំលឹកផងដែរថា លោក Yoon ត្រូវបានគេដកចេញពីតំណែងកាលពីខែមេសា បន្ទាប់ពីរូបលោកបានប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹករបស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូងដ៏កម្រ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកូរ៉េ។ កាលពីលោកចូលមកបំភ្លឺនៅតុលាការចំនួន២លើកកន្លងទៅ លោកត្រូវបានគេអនុញ្ញាតឱ្យប្រើច្រកចូលតាមចំណតក្រោមដី ដើម្បីការពារសុវត្តិភាពរបស់លោក ប៉ុន្តែនៅពេលលោកមកកាន់សវនាការជាលើកទី៣នេះ តុលាការបានបដិសេធច្រានចោលសំណើរបស់លោក Yoon ដែលព្យាយាមប្រើប្រាស់ផ្លូវចំណតក្រោមដីទៅវិញ។ លោក Yoon បានមកដល់ជាមួយនឹងរថយន្តពណ៍ខ្មៅហើយ និងបានដើរឡើងទៅកាន់ច្រកចូលតុលាការ ខណៈដែលមានមនុស្សបានកាន់ផ្ទាំងបដា និងអ្នកព័ត៌មានជាច្រើននាក់ស្រែកសួរសំណួរជាច្រើនទៅកាន់រូបលោកដែរ។ ទោះយ៉ាងណាមិញ លោក Yoon បានចូលខ្លួនទៅក្នុងបរិវេណខាងក្នុងតុលាការ ដោយមិនបានឆ្លើយសំណួរណាមួយរបស់ពួកគេឡើយ៕

 

សម្រួលអត្ថបទ៖ ឡុង បញ្ញា